សូរីនហ្ស៊ិកាំប៉ូ៖ ការប្រកួតកីឡាសូរីនហ្ស៊ិកាំប៉ូជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ បានបញ្ចប់ និងរកឃើញជើងខ្លាំងប្រចាំឆ្នាំហើយ ក្រោយដំណើរការប្រកួតរយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកីឡាប្រយុទ្ធកម្ពុជា-ជប៉ុន។ ពិធីបិទការប្រកួតនេះបានធ្វើឡើងក្រោមវត្តមានលោកស្រី ងិន ហេមាល័យ ប្រធានសហព័ន្ធកីឡាសូរីនហ្ស៊ិកាំប៉ូកម្ពុជា។
យោងតាមរបាយការណ៍នៃការប្រកួតជើងឯកថ្នាក់ជាតិនេះ គឺមានកីឡាករ-កីឡាការិនីចូលរួមសរុប ៥២នាក់មកពីក្លិបសមាជិកសហព័ន្ធចំនួន ៦ រួមមានក្លិបក្រសួងមហាផ្ទៃ, ក្លិប ៦០ម៉ែត្រ, ក្លិបយុវជន, ក្លិបមជ្ឈមណ្ឌលកីឡាប្រយុទ្ធកម្ពុជា-ជប៉ុន, ខេត្តតាកែវ និងក្លិបសូរីនហ្ស៊ិកាំប៉ូជម្រើសជាតិដែលធ្វើការប្រកួតលើ ៨វិញ្ញាសា។ ជាលទ្ធផលបច្ចេកទេសមានកីឡាករ-កីឡាការិនី ២ក្លិបប៉ុណ្ណោះដែលដណ្ដើមបានមេដាយមាស ក្នុងនោះក្លិបក្រសួងមហាផ្ទៃឈរចំណាត់ថ្នាក់លេខ១ ដែលដណ្ដើមបានមេដាយច្រើនជាងគេរួមមានមេដាយមាស ៥ ប្រាក់ ២ និងសំរឹទ្ធ ១ សរុប ៨គ្រឿង និងក្លិបសូរីនហ្ស៊ិកាំប៉ូ ៦០ម៉ែត្រឈ្នះមេដាយមាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ៣ សរុប ៩គ្រឿងឈរលេខ២។
លោកស្រី ងិន ហេមាល័យ បានវាយតម្លៃខ្ពស់ចំពោះដំណើរការប្រកួតជើងឯកថ្នាក់ជាតិនេះ ដែលប្រព្រឹត្តទៅដោយរលូន ពិសេសការបង្ហាញសមត្ថភាពរបស់កីឡាករ-កីឡាការិនី។ ឆ្លៀតឱកាសនោះលោកស្រីបានជំរុញឲ្យកីឡាករ-កីឡាការិនីត្រូវបន្ដការខិតខំប្រឹងប្រែងហ្វឹកហាត់ ដុសខាតសមត្ថភាព និងបច្ចេកទេសបន្ថែម ដើម្បីមានឱកាសចូលរួមប្រកួតលើឆាកអន្ដរជាតិ និងដណ្ដើមមេដាយជូនជាតិមាតុភូមិ៕ អត្ថបទ៖ លី ឈុនឡា