អាល្លឺម៉ង់៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានជំទាស់ទៅនឹងការទាមទារជាថ្មីនៅក្នុងប្រទេសអាល្លឺម៉ង់ និងពីក្រុមមន្ត្រីអ៊ុយក្រែន សម្រាប់យន្តហោះចម្បាំងដើម្បីបណ្ដេញកងកម្លាំងរុស្ស៊ី ដោយជំរុញឲ្យលោកខាងលិចកុំចូលរួមសង្គ្រាមដេញថ្លៃ ឬសង្គ្រាមប្រជែងគ្នាសម្រាប់អាវុធទំនើបៗ។

កាលពីសប្ដាហ៍មុនប្រទេសអាល្លឺម៉ង់បានប្រកាសថា ខ្លួននឹងបញ្ជូនរថក្រោះប្រយុទ្ធឡេភើតជំនាន់ទី២ (Leopard 2) របស់ខ្លួនឲ្យទៅអ៊ុយក្រែន ក្រោយការរងសម្ពាធជាច្រើនសប្ដាហ៍ពីសម្ព័ន្ធណាតូ និងសម្ព័ន្ធមិត្តសហភាពអឺរ៉ុប។ លោក Scholz បាននិយាយកាលពីថ្ងៃអាទិត្យក្នុងបទសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់ តាហ្គេសស្ពៀហ្គេល (Tagesspiegel) ថា តាមពិតទៅ យើងបានសម្រេចចិត្តបញ្ជូនតែរថក្រោះមួយមុខប៉ុណ្ណោះ ហើយការជជែកដេញដោលអំពីយន្តហោះចម្បាំង កំពុងផ្ទុះភាពចម្រូងចម្រាសយ៉ាងខ្លាំងនៅក្នុងប្រទេសអាល្លឺម៉ង់ ដែលទំនងជារឿងមិនសមហេតុផល និងប៉ះពាល់ដល់ភាពជឿជាក់របស់ប្រជាពលរដ្ឋក្នុងការសម្រេចចិត្តរបស់រដ្ឋាភិបាល។ ខ្ញុំត្រឹមតែអាចផ្ដល់យោបល់ប្រឆាំងទៅនឹងការដើរចូលក្នុងសង្គ្រាមដណ្ដើមឥទ្ធិពលគ្នាជុំវិញប្រព័ន្ធអាវុធ។
អនុរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Andriy Melnyk បានដាក់សម្ពាធអាល្លឺម៉ង់ឲ្យផ្ដល់យន្តហោះប្រយុទ្ធ Tornado រាប់សិបគ្រឿងមកឲ្យអ៊ុយក្រែន និងបានជំរុញសហគមន៍អន្តរជាតិឲ្យចូលរួមបង្កើតក្រុមចម្រុះ ផ្ដល់យន្តហោះឲ្យប្រទេសរបស់លោក។ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់លោកកាលពីថ្ងៃសៅរ៍ ដោយស្នើជាថ្មីដល់ប្រទេសលោកខាងលិចឲ្យផ្ដល់ប្រព័ន្ធអាវុធ កាន់តែទំនើបថែមទៀតមកឲ្យប្រទេសរបស់ខ្លួន៕
អត្ថបទ៖ សុខមាន