វាយកូនបាល់៖ កីឡាករវាយកូនបាល់ស៊ែប Novak Djokovic បានពន្លាតកំណត់ត្រាឈ្នះជើងឯក Australian Open លើកទី១០ ក្នុងអាជីពក្រោយយកឈ្នះកីឡាករក្រិក Stefanos Tsitsipas នៅវគ្គផ្តាច់ព្រ័ត្រ។ ជ័យជំនះនេះដែរក៏បានធ្វើឱ្យ Novak Djokovic តាមស្មើកំណត់ត្រារបស់ Rafael Nadal ផងដែរដែលឈ្នះជើងឯក Grand Slam សរុប ២២លើកដូចគ្នា។

កីឡាករវ័យ ៣៥ឆ្នាំរូបនេះបានយកឈ្នះដោយលទ្ធផល ៦-៣ ៧-៦(៧-៤) និង ៧-៦(៧-៥) លើ Stefanos Tsitsipas ដែលបន្តស្វែងរកជើងឯក Grand Slam មិនបាន។ កីឡាករក្រិករូបនេះក៏ធ្លាប់ចាញ់ Djokovic ម្តងដែរនៅវគ្គផ្តាច់ព្រ័ត្រ French Open កាលពីឆ្នាំ២០២១ ដែលជាលើកដំបូងក្នុងអាជីពរបស់គេឡើងដល់វគ្គផ្តាច់ព្រ័ត្រ Grand Slam នៅពេលនោះ។ ជ័យជំនះនេះដែរក៏បានធ្វើឱ្យ Novak Djokovic បន្តកំណត់ត្រាមិនចាញ់សោះនៅ Australian Open ឡើងដល់ ២៨ប្រកួត។ សម្រាប់ផ្នែកបុរស Novak Djokovic និង Rafael Nadal ឈ្នះជើងឯក Grand Slam ស្មើគ្នា ២២លើក តែបើគិតជារួមជាមួយផ្នែកនារីដែរ ពួកគេនៅតាមពីក្រោយ Serena Williams ដែលឈ្នះសរុប ២៣លើក និង Margaret Court ដែលឈ្នះសរុប ២៤លើក៕
អត្ថបទ៖នាង សុភាវុធ