អាមេរិក៖ សារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃចុងសប្ដាហ៍ថា មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកការដាក់ទណ្ឌកម្មរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក នឹងធ្វើដំណើរទៅកាន់ប្រទេសទួរគី និងអារ៉ាប់រួមនៅសប្ដាហ៍ក្រោយ ដើម្បីព្រមានក្រុមមន្ត្រី និងផ្នែកពាណិជ្ជកម្មថា ទីក្រុងវ៉ាស៊ីនតោននឹងដាក់ទោសពួកគេ ប្រសិនបើពួកគេគេចវេសមិនដាក់ទណ្ឌកម្មលើរុស្ស៊ី។
អ្នកនាំពាក្យក្រសួងរតនាគារបានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា លោក Brian Nelson អនុរដ្ឋលេខាធិការទទួលបន្ទុកភេរវកម្ម និងចារកម្មហិរញ្ញវត្ថុរបស់ក្រសួងនេះនឹងធ្វើដំណើរទៅកាន់ប្រទេសអូម៉ង់ (Oman) អារ៉ាប់រួម និងទួរគីនៅចន្លោះថ្ងៃសុក្រ និងថ្ងៃអាទិត្យ។ នៅជំនួបជាមួយក្រុមមន្ត្រីរដ្ឋាភិបាល គ្រឹះស្ថានពាណិជ្ជកម្ម និងហិរញ្ញវត្ថុ លោក Nelson នឹងព្រមានពួកគេថា ពួកគេអាចនឹងបាត់បង់ផ្លូវចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មជាមួយអង្គភាពដែលត្រូវបានរងទណ្ឌកម្ម។
ក្រុមមន្ត្រីសហរដ្ឋអាមេរិកបានបញ្ជាក់ដដែលៗថា ប្រទេសទួរគីគឺជាចំណុចសំខាន់នៃការបំពានទណ្ឌកម្ម ហើយក្រុមមន្ត្រីលោកខាងលិចដែលពុំបានបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មាន Financial Times កាលពីខែសីហាថា ពួកគេបារម្ភខ្លាំងណាស់អំពីការការធ្វើពាណិជ្ជកម្មរវាងបណ្ដាក្រុមហ៊ុនរបស់ប្រទេសទទួរគី និងអង្គភាពរបស់រុស្ស៊ីដែលត្រូវបានរងទណ្ឌកម្ម។ ទីក្រុង Ankara បានឆ្លើយតបថា ខ្លួននឹងមិនអនុញ្ញាតឲ្យមានការបំពានទណ្ឌកម្មដោយគ្រឹះស្ថាន ឬ បុគ្គលណាមួយឡើយ ក្រោយការសន្ទនាតាមទូរស័ព្ទជាមួយអនុរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោក Wally Adeyemo ដែលទំនងជាបានគំរាមកំហែងដល់ភាពជោគជ័យនៃសេដ្ឋកិច្ចរបស់ទួរគី និងភាពស្មោះត្រង់នៃវិស័យធនាគាររបស់ខ្លួន៕
អត្ថបទ៖ សុខមាន