ប៉ាគីស្ថាន៖ មនុស្សច្រើនជាង ៥០នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ ២ផ្សេងគ្នានៅក្នុងប្រទេសប៉ាគីស្ថានកាលពីថ្ងៃអាទិត្យ។ យ៉ាងហោចណាស់មនុស្ស ៤១នាក់បានស្លាប់ នៅពេលដែលរថយន្តក្រុងមួយគ្រឿងបានធ្លាក់ចូលទៅក្នុងជ្រោះមួយ ហើយបានឆាបឆេះនៅភាគនិរតី ខណៈកុមារយ៉ាងហោចណាស់ ១០នាក់បានលង់ទឹកក្នុងឧបទ្ទវហេតុលិចទូកនៅភាគពាយព្យប្រទេស។

អ្នកស្លាប់ទាំងអស់ដែលបានរកឃើញក្នុងឧបទ្ទវហេតុលិចទូក មកដល់ពេលនេះនៅបឹងមួយមានអាយុចន្លោះពី ៧ ទៅ ១៤ឆ្នាំ។ ឧបទ្ទវហេតុក្រឡាប់រថយន្តក្រុងបានកើតឡើងនៅជិតទីក្រុង Bela ភាគខាងត្បូងខេត្ត Balochistan នៅពេលដែលរថយន្តកំពុងធ្វើដំណើរទៅកាន់ទីក្រុងកំពង់ផែ Karachi។ មន្ត្រីក្នុងតំបន់ Hamza Anjum បានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា សាកសពចំនួន ៤០នាក់ត្រូវបានគេរកឃើញ រួមជាមួយនឹងអ្នករងរបួសចំនួន ៣នាក់ដែលម្នាក់បានស្លាប់ភ្លាមៗពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយអ្នកនៅរស់រានមានជីវិតទាំង ២នាក់ស្ថិតក្នុងស្ថានភាពរបួសធ្ងន់។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តក្រុងបានបុកបង្គោលភ្លើងនៅលើស្ពានមួយកន្លែង មុនពេលកើតហេតុធ្លាក់ទៅក្នុងជ្រោះ។
អាជ្ញាធរតំបន់និយាយថា យើងនឹងស៊ើបអង្កេតមូលហេតុនៃគ្រោះថ្នាក់នេះ ហើយការធ្វើតេស្ត DNA នឹងត្រូវបានប្រើដើម្បីកំណត់អត្តសញ្ញាណសាកសព។ ទូកមួយគ្រឿងដែលបានលិចស្ថិតនៅបឹងមួយក្នុងខេត្ត Khyber Pakhtunkhwa ជិតព្រំដែនជាមួយប្រទេសអាហ្វហ្គានីស្ថាន។ មន្ត្រីនគរបាលក្នុងតំបន់លោក Mir Rauf បាននិយាយថា កុមារ ១០នាក់ស្លាប់ ហើយកុមារ ១១នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះ ហើយ ៦នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈ ៩នាក់ទៀតត្រូវគេជឿថាបាត់ខ្លួន។ ទូកដែលពួកគេកំពុងធ្វើដំណើរនោះបានដឹកមនុស្សជាង ២០នាក់ក្នុងការធ្វើដំណើរពេលមួយថ្ងៃពីសាលារៀនអ៊ីស្លាមក្នុងតំបន់ Madrassa នៅពេលរថយន្តបានក្រឡាប់៕
អត្ថបទ៖ ប៊ុនថន