ភ្នំពេញ៖ ក្រោមកិច្ចសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមប្រជាជន សាធារណរដ្ឋសិង្ហបុរី គណៈប្រតិភូ សិល្បករ សិល្បការិនីកម្ពុជា ចំនួន៣៥នាក់ នឹងអញ្ជើញទៅចូលរួម និងសម្ដែងក្នុងព្រឹត្តិការណ៍ក្បួនដង្ហែ «ឈីងហ្គេ ឆ្នាំ២០២៣» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣-០៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីតាំង F1 Pit Building សាធារណរដ្ឋសិង្ហបុរី។
ជាក់ស្តែងនាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ លោកជំទាវបណ្ឌិត ដាំ ដារីនី អនុប្រធានស.ស.យ.ក. និងជាប្រធានដឹកនាំប្រតិភូសិល្បករ សិល្បការិនីកម្ពុជាចូលរួមព្រឹតិ្តការណ៍ឈីងហ្គេ ឆ្នាំ២០២៣ រួមជាមួយឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំង លោកគ្រូ អ្នកគ្រូ ដែលជាសាស្រ្តាចារ្យដឹកនាំការសម្ដែង និងសិល្បករ សិល្បការិនី បានអញ្ជើញចូលរួមក្នុងពិធីសំពះគ្រូ រំលឹកគុណគ្រូ និងបួងសួងសុំសេចក្តីសុខមុនការចេញដំណើរទៅកាន់ប្រទេសសិង្ហបុរី។
លោកជំទាវ បានលើកឡើងថា តបតាមការអញ្ជើញរបស់សមាគមប្រជាជននៃសាធារណៈរដ្ឋសិង្ហបុរី សហភាពសហព័ន្ធយុវជនកម្ពុជា បានសម្របសម្រួលដឹកនាំប្រតិភូកម្ពុជា ចូលរួមសម្ដែងក្នុងព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេចំនួនពីរលើករួចមកហើយ។ ក្នុងឆ្នាំ២០១៧ ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ប្រតិភូកម្ពុជាបានចូលរួមសម្ដែងទស្សនីយភាពសិល្បៈខ្មែរក្រោមប្រធានបទ៖ «សុខដុមក្នុងភាពចម្រុះ នៃវប្បធម៌(Unity in Cultural Diversity)»។ ជាមួយគ្នានេះ ក្នុងឆ្នាំ២០១៩ កម្ពុជា ក៏បាននាំយកសិល្បៈប្រពៃណី និងរបាំរហ័សសម័យចំនួន៥ទម្រង់ រួមបញ្ចូលគ្នាទៅសម្ដែងក្រោមប្រធានបទ៖ «ភាពសុខដុម (HARMONY)»។
ចំណែកក្រុមសិល្បករ សិល្បការិនីកម្ពុជា មានវត្តមានទៅចូលរួម និងសម្ដែងក្នុងព្រឹត្តិការណ៍ក្បួនដង្ហែ «ឈីងហ្គេ ឆ្នាំ២០២៣» ។
សូមបញ្ជាក់ផងដែរថា ក្បួនដង្ហែឈីងហ្គេ គឺជាក្បួនព្យុហយាត្រាសិល្បៈសម្តែងដ៏ធំមួយនៅអាស៊ី ដែលត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំដោយសមាគមប្រជាជន នៃសាធារណរដ្ឋសិង្ហបុរី។ កម្មវិធីនេះ ត្រូវបានផ្តួចផ្តើមដោយអតីតនាយក រដ្ឋមន្ត្រី លី ក្វាន់យូ ក្នុងគោលបំណងបង្ហាញពីភាពអស្ចារ្យ ភាពស្រស់បំព្រង និងភាពសម្បូរបែបនៃវប្បធម៌ ចម្រុះ។
ដោយឡែកនៅក្នុងឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេ នឹងរៀបចំឡើងដោយមានការរំពឹង ទុកអ្នកចូលរួមជាង ១០.០០០នាក់ រួមទាំងអ្នកសិល្បៈជាតិ និងអន្តរជាតិ ដើម្បីបង្ហាញពីសិល្បៈវប្បធម៌នៃជាតិសាសន៍រៀងៗខ្លួន នៅក្នុងក្បួនដង្ហែ «ឈីងហ្គេ” ដែលជាការបង្ហាញសិល្បៈសហគមន៍ដ៏ធំបំផុតរបស់ សាធារណរដ្ឋសិង្ហបុរី៕អត្ថបទ៖ រដ្ឋា















