អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ុយក្រែនកំពុងប្រឈមមុខនឹងស្ថានភាពតឹងតែងនៅក្នុងតំបន់ Donetsk ភាគខាងកើត ហើយត្រូវការការផ្គត់ផ្គង់អាវុធឲ្យបានកាន់តែលឿន និងប្រភេទសព្វាវុធថ្មីដើម្បីទប់ទល់ការវាយលុករបស់រុស្ស៊ី។
លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូថា ទីក្រុង Bakhmut, Vuhledar និងផ្នែកផ្សេងទៀតនៅក្នុងតំបន់ Donetsk មានការវាយប្រហាររបស់រុស្ស៊ីជាបន្តបន្ទាប់។ ប្រធានាធិបតីអ៊ុយក្រែននិយាយថា ប្រទេសលោកត្រូវការការដឹកជញ្ជូនការផ្គត់ផ្គង់ និងសព្វាវុធឲ្យបានកាន់តែលឿន ដើម្បីទប់ទល់នឹងកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីក្នុងការធ្វើឱ្យកងកម្លាំងអ៊ុយក្រែនចុះអន់ខ្សោយកម្លាំង។
លោក Zelenskiy បានវាយប្រហារលើកិច្ចខិតខំប្រឹងប្រែង ដែលអនុញ្ញាតឱ្យរុស្ស៊ីត្រលប់ចូលទៅកីឡាអូឡាំពិកវិញ ដោយនិយាយថា ការដាក់បញ្ចូលក្នុងព្រឹត្តិការណ៍កីឡាទីក្រុងប៉ារីសឆ្នាំ២០២៤ គឺស្មើនឹងបង្ហាញថា «ក្រុមភេរវកម្មគឺអាចទទួលយកបាន»។ លោកបាននិយាយថា រុស្ស៊ីមិនត្រូវបានគេអនុញ្ញាតឱ្យប្រើប្រាស់ហ្គេម ឬព្រឹត្តិការណ៍កីឡាណាមួយជាការឃោសនាសម្រាប់ការឈ្លានពានរបស់ខ្លួនឡើយ៕
អត្ថបទ៖ ប៊ុនថន