ភ្នំពេញ៖ ជារៀងរាល់ខែ រាជរដ្ឋាភិបាលកម្ពុជា បានបើកថវិកាជូនអតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន ក៏ដូចជានិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ដែលជាអតីតមន្រ្តីរាជការស៊ីវិល ក្នុងរង្វង់ ៣០លានដុល្លារ។ នេះជាការបញ្ជាក់របស់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក មូលនិធិជាតិជំនួយសង្គម។
បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា គឺបន្តការយកចិត្តទុកដាក់ជាខ្លាំងទៅលើជនចូលនិវត្តទាំងមន្រ្តីរាជការស៊ីវិល ទាំងអតីតយុទ្ធជនដែលបានលះបង់ពលី ដើម្បីជាតិនាគ្រាអតីតកាល។ ការយកចិត្តទុកដាក់ធ្វើឡើងតាមរយៈ ការធានានូវកម្រិតជីវភាពរបស់ក្រុមគោលដៅទាំងពីរមិនឱ្យធ្លាក់ចូលភាពលំបាក។
រាជរដ្ឋាភិបាលកម្ពុជា បើកផ្ដល់សាច់ប្រាក់ជូន អតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន ក៏ដូចជានិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ដែលជាអតីតមន្រ្តីរាជការស៊ីវិល ចំនួន២ដងក្នុងមួយខែ។ នេះជាការលើកឡើងរបស់ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក មូលនិធិជាតិជំនួយសង្គម ។
ឯកឧត្តមបន្តថា ការបើកសាច់ប្រាក់ក្នុងពេលបច្ចុប្បន្ន គឺមានមន្រ្តីរាជការស៊ីវិលចូលនិវត្តក្នុងរង្វង់ជិត ៦ម៉ឺននាក់ និងអតីតយុទ្ធជនក្នុងរង្វង់ ៥ទៅ៦ម៉ឺននាក់ផងដែរ។ ជាប្រចាំខែ គឺរាជរដ្ឋាភិបាលកម្ពុជាចំណាយថវិកាប្រមាណ ៣០លានដុល្លារក្នុងមួយខែ។ សាច់ប្រាក់ទទួលបាន គឺមានភាពផ្សេងគ្នា ហើយការទទួលបានសាច់ប្រាក់ប្រចាំខែនេះ គឺតិចបំផុត ៦០ភាគរយនៃប្រាក់បៀវត្សប្រចាំខែ អំឡុងពេលពួកគាត់នៅបំពេញការងារ មុនចូលនិវត្តន៍។
ក្រុមគោលដៅទាំងពីរ ទាំងអតីតយុទ្ធជន និងមន្រ្តីរាជការស៊ីវិល ក៏នឹងបើកសាច់ប្រាក់លើកទី២ ប្រចាំខែមករា ឆ្នាំ ២០២៣ នៅថ្ងៃទី៣១ ខែមករាផងដែរ។ សម្រាប់រាជធានីភ្នំពេញ គឺទៅបើកសាច់ប្រាក់នៅ ធនាគារកាណាឌីយ៉ា រីឯតាមបណ្ដាខេត្តដទៃទៀត គឺទៅបើកសាច់ប្រាក់នៅ ធនាគារអេស៊ីលីដា។
ចំពោះមន្រ្តីចូលនិវត្តថ្មី គឺត្រូវមកបំពេញឯកសារជាមួយមន្រ្តីជំនាញនៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ជាក់ស្ដែងនៅថ្ងៃនេះ ក៏មានមន្រ្តីនគរបាលចូលនិវត្តមួយចំនួនមកពីខេត្ត ប៉ៃលិនផងដែរ បានមកបំពេញលក្ខខណ្ឌតម្រូវនេះផងដែរ។ ពួកគេពិតជាសប្បាយចិត្ត និងមើលឃើញថា នេះជាការយកចិត្តទុកដាក់ជាខ្លាំង ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
តាមការបញ្ជាក់របស់ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក មូលនិធិជាតិជំនួយសង្គម បច្ចុប្បន្នក្រុមការងារជំនាញ ក៏កំពុងគិតគូរពីការផ្តល់អត្ថប្រយោជន៍បន្ថែមជូនក្រុមគោលដៅទាំងពីរផងដែរ។ អត្ថប្រយោជន៍ទាំងនេះរួមមាន ប្រព័ន្ធកម្ចីក្នុងអត្រាការប្រាក់ទាប ដោយមិនទាមទារទ្រព្យបញ្ចាំ និងការសហការជាមួយវិស័យឯកជន ក្នុងការបញ្ចុះតម្លៃនានាជាដើម៕អត្ថបទ៖ គឹមហុក