អាមេរិក៖ មន្ត្រីសហរដ្ឋអាមេរិកម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែលទំនងជានៅពីក្រោយការវាយប្រហារដោយយានដ្រូនលើរោងចក្រយោធាក្នុងប្រទេសអ៊ីរ៉ង់។ អ៊ីរ៉ង់បានអះអាងថា ស្ទាក់ចាប់បានយានដ្រូនដែលបានវាយប្រហារគោលដៅ លើឧស្សាហកម្មយោធាមួយកន្លែងនៅជិតទីក្រុងអ៊ីសហ្វាហាន (Isfahan) ភាគកណ្ដាល ហើយបាននិយាយថា ពុំមានអ្នកស្លាប់ របួស ឬខូចខាតធ្ងន់ធ្ងរនោះទេ។

ទំហំនៃការខូចខាតមិនអាចបញ្ជាក់ដោយឯករាជ្យបានទេ ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានបញ្ចេញវីដេអូដែលបង្ហាញពន្លឺនៅលើអាកាស និងរថយន្តសង្គ្រោះបន្ទាន់នៅកន្លែងកើតហេតុ។ អ៊ីស្រាអែលបាននិយាយជាយូរមកហើយថា ខ្លួននឹងវាយប្រហារគោលដៅរបស់អ៊ីរ៉ង់ ប្រសិនបើផ្នែកការទូតបរាជ័យក្នុងការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ ឬមីស៊ីលរបស់ទីក្រុងតេអេរ៉ង់។ អ្នកនាំពាក្យមន្ទីរបញ្ចកោណឧត្តមសេនីយ៍ Patrick Ryder បាននិយាយថា គ្មានកងកម្លាំងយោធាអាមេរិកជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនៅក្នុងប្រទេសអ៊ីរ៉ង់នោះទេ ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែម។ មន្ត្រីអាមេរិកម្នាក់និយាយថា វាទំនងជាប្រទេសអ៊ីស្រាអែលជាប់ពាក់ព័ន្ធ។ ទីក្រុងតេអេរ៉ង់មិនបានដាក់កំហុសជាផ្លូវការចំពោះអ្វីដែលរដ្ឋមន្ត្រីការបរទេសលោក Hossein Amirabdollahian បានចាត់ទុកថា ជាការវាយប្រហារដ៏កំសាកក្នុងគោលបំណងបង្កើតអសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ង់។
ប៉ុន្តែទូរទស្សន៍រដ្ឋបានផ្សាយការអត្ថាធិប្បាយដោយសមាជិកសភាលោក Hossein Mirzaie ដែលបាននិយាយថា មានការសន្និដ្ឋានយ៉ាងខ្លាំងថា អ៊ីស្រាអែលនៅពីក្រោយការវាយប្រហារនេះ។ ការវាយប្រហារនេះបានកើតឡើងក្នុងពេលមានភាពតានតឹងរវាងអ៊ីរ៉ង់ និងប្រទេសលោកខាងលិច ជុំវិញសកម្មភាពនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងការផ្គត់ផ្គង់អាវុធរបស់ខ្លួន រួមទាំងយានដ្រូនអត្តឃាតរយៈចម្ងាយឆ្ងាយ សម្រាប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ក៏ដូចជាបាតុកម្មប្រឆាំងរដ្ឋាភិបាលជាច្រើនខែនៅក្នុងប្រទេសនេះ។ លោក Amirabdollahian ថ្លែងតាមទូរទស្សន៍ថា សកម្មភាពបែបនេះនឹងមិនប៉ះពាល់ដល់ការប្តេជ្ញាចិត្ត របស់អ្នកជំនាញរបស់យើងក្នុងការអភិវឌ្ឍន៍ទៅមុខលើការងារនុយក្លេអ៊ែរ ដោយសន្តិភាពរបស់យើងនោះទេ៕
អត្ថបទ៖ ប៊ុនថន