ភ្នំពេញ៖ ក្រុមកសិករដាំម្រេចនៅខេត្តត្បូងឃ្មុំ បានលើកសំណើរទៅកាន់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជួយបណ្ដុះបណ្ដាល ក៏ដូចជាបង្ហាញនូវបច្ចេកទេសនានាក្នុងការដាំដុះ និងថែទាំម្រេចឲ្យបានត្រឹមត្រូវ ដើម្បីអាចពង្រីកទីផ្សារនាំចេញ ជាពិសេសទៅកាន់ប្រទេសចិន។
ក្នុងឱកាសបានជួបសំណេះសំណាលជាមួយឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីសប្តាហ៍កន្លងទៅនេះ ប្រជាកសិករសមាគមអ្នកដាំម្រេចសរីរាង្គមកពីស្រុកផ្សេងៗគ្នាក្នុងខេត្តត្បូងឃ្មុំ បានលើកឡើងថា ប្រសិនបើម្រេច អាចនាំចេញទៅចិនជាផ្លូវការនាពេលខាងមុខ នឹងផ្តល់ប្រយោជន៍យ៉ាងច្រើនដល់ពួកគាត់ ដែលជាការទទួលបានទីផ្សារថ្មីមួយទៀត ក្រៅពីទីផ្សារដែលមានស្រាប់។
លោក ទ្រីអូន តំណាងសហគមន៍កសិកម្មម្រេចសិរីរាង្គត្រមូង ស្រុកមេមត់ និងលោក ព្រំ ឆន ប្រធានសហគមន៍ធម្មជាតិទ្រៀក មេមត់ បានដឹងថា ទីផ្សារម្រេចឆ្នាំ២០២២កន្លងទៅមិនសូវល្អនោះទេ ដោយសារតែបញ្ហាវិបត្តិសេដ្ឋកិច្ចសកល ធ្វើឱ្យការនាំចេញម្រេចធ្លាក់ចុះ និងបណ្តាលឱ្យតម្លៃក៏ធ្លាក់ចុះត្រឹម ១ម៉ឺនរៀល ក្នុងមួយគីឡូ ខុសពីមុនវិបត្តិកូវីដមានតម្លៃរង្វង់ ១៤ ០០០ ទៅ ១៥ ០០០រៀល ក្នុងមួយគីឡូ។
សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចខ្សែច្រវ៉ាក់ផលិតកម្មម្រេចរបស់ក្រុមហ៊ុន Sela Pepper នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី២៧ ខែមករាកន្លងទៅនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញលើកទឹកចិត្តដល់ប្រជាកសិករឲ្យធ្វើការដាំម្រេចតាមលក្ខណៈបច្ចេកទេស ដើម្បីទទួលគុណភាពស្តង់ដាល្អ ឆ្លើយតបនឹងតម្រូវទីផ្សារ និងមានតម្លៃខ្ពស់។
ឯកឧត្តមក៏បានណែនាំកសិករ អ្នកផលិតម្រេច ត្រូវធ្វើការពិនិត្យគុណភាពម្រេចនៅមន្ទីរពិសោធន៍ឲ្យត្រឹមត្រូវមុនធ្វើការនាំចេញផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរខេត្តត្បូងឃ្មុំ ឲ្យយកចិត្តទុកដាក់ពន្យល់ ណែនាំ ដើម្បីឲ្យពួកគាត់អាចទទួលបានវិញ្ញាបនបត្រការអនុវត្តកសិកម្មល្អ GAP នាពេលខាងមុខផងដែរ។
បើតាមកញ្ញា ស៊ឹង សុផា តំណាងក្រុមហ៊ុននាំចេញម្រេចនៅខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ម្រេចត្រូវបានស្គាល់ជាផលិតផលម្រេចដែលមានគុណភាពល្អដាច់គេលើទីផ្សារពិភពលោក ហើយកម្ពុជាត្រូវបានចាត់ចូលជាប្រទេសដែលមានចំណាត់ថ្នាក់ទី៥ លើពិភពលោក ដែលផលិតម្រេចចំនួនច្រើនរហូតដល់ ២៥ ០០០តោន ក្នុងមួយឆ្នាំ៕អត្ថបទ៖ឈិត បូរ៉ាវី