ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ និងថ្នាក់ដឹកនាំសាខាចំនួន៤ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ប្រគល់-ទទួលនូវម៉ូតូ និងសំភារៈឧបករណ៍ការិយាល័យ សម្រាប់កម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍។
ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះកាក បាទក្រហមហ្វាំងឡង់ ដែលតែងតែឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជាតាំងពីឆ្នាំ១៩៩០។ ការជួ យឧបត្ថម្ភគាំទ្រពីកាកបាទក្រហមហ្វាំងឡង់នេះ ក៏ជាឱកាសក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងការសម្រេចបានជោគជ័យនូវយុទ្ធសាស្រ្ត ២០៣០ របស់កាកបាទក្រហមកម្ពុជាផងដែរ។
លោកស្រី Sari Autio បានថ្លែងអំណរគុណ ដល់កាកបាទក្រហមកម្ពុជា ដោយបានឱ្យក្រុមការងារកាកបាទក្រហមហ្វាំងឡង់ បន្តការងារ និងសហការជាមួយកាកបាទក្រហកម្ពុជា ក្នុងកម្មវិធីលើកកម្ពស់ស កម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ និងចែករំលែកបទពិសោធន៍ការងារ និងផែនការយុទ្ធសាស្ត្រល្អៗជាមួយគ្នា ដោយប្រព្រឹត្តិទៅដោយរលូន ជូនប្រជាពលរដ្ឋតាមសហគមន៍គោលដៅ។
លោកស្រីបន្តថា ថ្ងៃនេះដើម្បីចូលរួមលើកម្ពស់នូវសកម្មភាពទាំងនេះប្រកបដោយភាពរលូន ដែលមានការឧបត្ថម្ភពី IFRC និង DG-ECHO តាមរយៈកាកបាទក្រហមហ្វាំងឡង់ ជួយដល់កាកបាទក្រហមកម្ពុជារួមមាន ទីស្នាក់ការកណ្តាល និងសាខានៅខេត្តកណ្ដាល បន្ទាយមានជ័យ ប៉ៃលិន និងត្បូងឃ្មុំជា ដើម ទទួលបាន កុំព្យូទ័រយួរដៃ សម្ភារការិយាល័យជាច្រើន និងម៉ូតូជាច្រើនគ្រឿងផងដែរ។
ជាកិច្ចឆ្លើយតបតំណាងសាខាកាកបាទក្រហមកម្ពុជាទាំង៤ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកាកបាទក្រហមហ្វាំងឡង់ ដែលបានផ្តល់ជំនួយជាសំភារៈប្រើប្រាស់ក្នុងការិយាល័យទាំងនេះ សម្រាប់ប្រតិបត្តិការការងារមនុស្សធម៌ក្នុងសហគមន៍របស់ខ្លួន ក្នុងយុគសម័យឌីជីថលនេះ និងសូមប្តេជ្ញាបន្តខិតខំពង្រីកការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង តបតាមការចង់បាន រប ស់កាកបាទក្រហមហ្វាំងឡង់៕ ដោយ ៖ សំ ងីម

















