
ភ្នំពេញ៖ ទោះបីជាមានការរំខាន់ការរីករាលដាលនៃជំងឺកូវីដ១៩យ៉ាងណាក្តី គិតតឹ្រមបំណាច់ឆ្នាំ២០២២ ការដោះដូរពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់សរុបចំនួនប្រមាណ ៥២,៤២ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងកំណើន ៩,១% បើធៀបនឹងទិន្នន័យឆ្នាំ២០២១។ នេះតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា។
យោងតាមសុន្ទរកថា បើកសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី៣០ មករា ឆ្នាំ២០២៣នេះ របស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការនាំចេញរបស់កម្ពុជាគិតក្នុងរយៈពេលមួយឆ្នាំពេញ២០២២ មានចំនួនប្រមាណ ២២,៤៨ប៊ីលានដុល្លារ កើនឡើង ១៦% និងការនាំចូលមានចំនួន ២៩,៩៤ប៊ីលានដុល្លារ គឺមានការកើនឡើង ៤%។ ឯកឧត្តម បានលើកឡើងថា ចាប់ពីដើមឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ននេះ បញ្ហាជំងឺកូវីដ១៩ បានធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក ជាគោលនយោបាយពង្រីកទីផ្សារ និងទាក់ទាញវិនិយោគ។
ជាមួយនោះដែរ នៅក្នុងឆ្នាំ២០២២កន្លទៅ កម្ពុជាក៏បានទទួលរងនូវឥទ្ធិពលនៃសង្រ្គាមនៅអ៊ុយក្រែន ដែលបណ្តាលឲ្យមានការកើនឡើងនូវអត្រាអតិផរណាដោយសារវិបត្តិថាមពល ប្រេងឥន្ធនៈ និងម្ហូបអាហារ។ ឯកឧត្តមបន្តថា ទោះជាយ៉ាងនេះក្តី ដើម្បីចូលរួមស្តារឡើងវិញនូវសេដ្ឋកិច្ចនិងកំណើន ក្រសួងពាណិជ្ជកម្មបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការអភភិវឌ្ឍន៍វិស័យពាណិជ្ជកម្មតាមរយៈការជំរុញផលិតកម្មដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញតាមច្រកទីផ្សារត្រូវបានធ្វើពិពិធកម្ម សំដៅជមរុញកំណើន និងបង្កើនល្បឿនសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងពិភពលោក។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា តាមរយៈទិសដៅការងារពាណិជ្ជកម្ម ដែលបានដាក់ចេញកាលពីដើមឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្មបានប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញកំណើនវិស័យពាណិជ្ជកម្ម ដោយបានកែប្រែបញ្ហាប្រឈមទៅជាឱកាស តាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់ផ្នែក ការកាត់បន្ថយចំណាយ និងការពង្រឹងភាពប្រកួតប្រជែង នៃទំនិញនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងដោយបង្កលក្ខណៈងាយស្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុកិច្ច និងការវិនិយោគនៅក្នុងប្រទេសកម្ពុជា។
ដើម្បីចូលរួមប្រកួតប្រជែងក្នុងក្របខ័ណ្ឌតំបន់និងពិភពលោក ឯកឧត្តមរដ្ឋមន្រ្តី បានអះអាងថា ក្រសួងពាណិជ្ជកម្មកំពុងខិតខំពង្រឹងសមត្ថភាព និងប្រសិទ្ធការងាររបស់មន្រ្តីរាជការបន្ថែមទៀត តាមរយៈការបន្តពង្រឹងធនធានមនុស្ស ធ្វើកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋបាលនិងគ្រប់គ្រង ការអភិវឌ្ឍស្ថាប័ន កំណែទម្រង់ស៊ីជម្រៅ និងការកែលម្អសេវាសាធារណៈ ការរក្សាស្ថិរភាពថ្លៃ និងការជំរុញពាណិជ្ជកម្មក្នុងប្រទេស កិច្ចការអភិវឌ្ឍន៍ទីផ្សារ និងអភិវឌ្ឍន៍វិស័យឯកជនរួមទាំងការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មព្រមទាំងបានរៀបចំគោលនយោបាយពាណិជ្ជកម្មក្រៅប្រទេសផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី
