បន្ទាយមានជ័យ ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ មានក្រុមគ្រូពេទ្យស្ម័គ្រចិត្តខ្មែរ-អាម៉េរិក សរុបប្រមាណ២០០នាក់ បានចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងឃុំឬស្សីក្រោក ស្រុកមង្គលបុរី។
ក្នុងពេលពិនិត្យសុខភាពជូនប្រជាពលរដ្ឋ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចុះពិនិត្យ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងកម្មវិធីពិនិត្យព្យាបាល និងផ្តល់វ៉ែនតាជូនពួកគាត់ដោយឥតគិតថ្លៃ តាមរយៈក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមសុខាភិបាលខ្មែរ-អាម៉េរិក សរុបប្រមាណ២០០នាក់ ចាប់ពីថ្ងៃ៣០ ខែមករា ដល់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅសាលាបឋមសិក្សាឬស្សីក្រោក។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជៅដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមសុខាភិបាលខ្មែរ-អាម៉េរិក ដែលបានចុះមកជួយពិនិត្យព្យាបាលជំងឺជូនបងប្អូននាពេលនេះ។ ឯកឧត្តមបន្តថា វាពិតជាការចូលរួមចំណែកយ៉ាងសំខានក្នុងការលើកកម្ពស់សុខមាភាព សុខភាពប្រជាពលរដ្ឋក្នុងខេត្ត។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុ រាត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពសូមរួសរាន់មកពិនិត្យ និងទទួលការព្យាបាលដោយឥតគិតថ្លៃ៕ ដោយ ៖ ឧត្ដម









