ព្រះសីហនុ៖ សមត្ថកិច្ចឲ្យដឹងថា ករណីអគ្គិភ័យឆេះក្លឹបកំសាន្តមួយកន្លែង ម្តុំឧតុនិយម ក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ យប់ថ្ងៃ៣០មករា២០២៣នេះ មានមនុស្ស២នាក់បានស្លាប់ ។ ហេតុការណ៍នេះ កើតឡើងវេលាម៉ោងជិត៨យប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ក្នុងក្លិបកំសាន្តមួយកន្លែងឈ្មោះ Julie & Anna Tokyo នៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការ នគរបាលខេត្តព្រះសីហនុ ប្រាប់ឲ្យបណ្តាញព័ត៌មានឲ្យដឹងថា អគ្គិភ័យនេះបណ្តាលមកពីជាងផ្សារដែកនៅក្នុងក្លិប ពេលផ្សារដែក ក៏ឆាបឆេះជាអគ្គិភយ័តែម្តង។ ទោះជាយ៉ាងនេះក្តី ករណីនេះ ត្រូវបានកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ បានចុះទៅអន្តរាគមន៍ភ្លាមៗ ដើម្បីបាញ់ទឹកពន្លត់ការពារមិនឲ្យរាលដាលបន្ត។
បើតាមសមត្ថកិច្ចបញ្ជាក់បន្ថែមថា ជាដំបូងសមត្ថកិច្ចបានជួយសង្គ្រោះជាងផ្សារដែក និងមេការម្នាក់ នៅកន្លែងកើតហេតុ ហើយបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែដោយបញ្ហារបួសធ្ងន់ជនរងគ្រោះក៏បានស្លាប់ទាំង ២នាក់នៅមន្ទីរពេទ្យ។
បើតាមសមត្ថកិច្ចប្រាប់ថា ម្ចាស់ក្លិបឈ្មោះ ហុង សេង ភេទ ប្រុសអាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ហើយក្លិបដែលឆេះនេះរងការខូចខាតទាំងស្រុង៕





