ភ្នំពេញ ៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានសម្រេចបន្ថែមទីតាំងចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ដូសទី២ ក្នុងខណ្ឌទួលគោកអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។ នេះបើយោងតាមសេចក្តីជូណដំណឹង នៅថ្ងៃទី២៣ ខែមេសា។
សេចក្ដីជូនដំណឹងរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានឱ្យដឹងថា ដើម្បីពន្លឿនការចាក់វ៉ាក់សាំងស៉ីណូវ៉ាក់ដូសទី២ គណៈកម្មការចំពោះកិច្ច បានសម្រេចបន្ថែមទីតាំងចាក់វ៉ាក់សាំងក្នុងខណ្ឌទួលគោកចំនួនមួយទីតាំងទៀត គឺនៅមន្ទីរពេទ្យកុមារជាតិ ដែលចាប់បើកដំណើរការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ដូសទី២ ចាប់ពីថ្ងៃទី២៤ ដល់ទី៣០ ខែមេសានេះ។
សេចក្តីជូនដំណឹងនេះបន្តថា ចំពោះបុគ្គលដែលដល់វេនចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ដូសទី២ សូមអញ្ជើញទៅចាក់វ៉ាក់សាំងនៅក្នុងទីតាំងដែលខ្លួនកំពុងស្នាក់នៅ ដោយមិនត្រូវឆ្លងខណ្ឌជាដាច់ខាតសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា ចំពោះការចាក់វ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ដូសទី២ អាចចាក់អំឡុងពេល១៤ថ្ងៃ ទៅ២៨ថ្ងៃ បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី១ ក្នុងន័យនេះ សូមបុគ្គលដែលបា នយកសំណាក ឬកំពុងជាប់វិធានចត្តាឡីស័ក ត្រូវអនុវត្តការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ទើបអាចទៅចាក់វ៉ាក់សាំងដូសទី២បាន ដើម្បីជៀសវាងការចម្លងណាមួយដល់អ្នកដ៏ទៃ ក៏ដូចជាការប្រឈមចំពោះផ្លូវច្បាប់។
ជាមួយគ្នានេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានស្នើឲ្យអាជ្ញាធរមូលដ្ឋានស្រង់ឈ្មោះបុគ្គល ដែលត្រូវចាក់វ៉ាក់សាំងដូសទី២ ហើយកំពុងជាប់ចត្តាឡីស័កនៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញ ផ្ញើមកគណៈកម្មការចំពោះកិច្ច តាមរយៈមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដើម្បីរៀបចំកម្មវិធីចាក់វ៉ាក់សាំងដូសទី២ជូនពួកគាត់ផងដែរ។ បន្ថែមលើសពីនេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក៏បានសំនូមពរដល់បុគ្គល ដែលកំពុងជាប់ធ្វើចត្តាឡីស័កហើយស្នាក់នៅតំបន់ក្រហមក្នុងរាធានីភ្នំពេញត្រូវទំនាក់ទំនងផ្តល់ព័ត៌មានពាក់ព័ន្ធរបស់ខ្លួនទៅអាជ្ញាធរមូលដ្ឋានផងដែរ៕អត្ថបទ៖ ឧត្តម 