ភ្នំពេញ៖ ចាប់ពីថ្ងៃទី ២៣ ដល់ ២៩ ខែមករា ឆ្នាំ២០២៣ កម្ពុជា ទទួលបានភ្ញៀវទេសចរសរុប ៦០៦,១៧៥ នាក់ និងភ្ញៀវបរទេស ៤៩,៥៩២ នាក់។ នេះបើតាមរបាយការណ៍ ក្រសួងទេសចរណ៍។
យោងតាមរបាយករណ៍ បានឱ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗ ទាំងនោះរួមមាន ខេត្តព្រះសីហនុ ១៨៤,៩២៩ នាក់, ខេត្តកំពត ៦៥,៧៨៧ នាក់, ខេត្តបាត់ដំបង ៦១,៧៣៧នាក់, ខេត្តសៀមរាប ៤៧,៦៧៦ នាក់, ខេត្តកំពង់ចាម ៤២,០៤០ នាក់, រាជធានីភ្នំពេញ ៣៩,០៧២ នាក់, ខេត្តប៉ៃលិន ៣៣,០៦៥ នាក់, ខេត្តកែប ៣២,៧៤៦ នាក់។
ក្រសួងទេសចរណ៍បញ្ជាក់ថា ចំនួនភ្ញៀវទេសចរប្រមាណ ៦០ ម៉ឺននាក់ក្នុងសប្តាហ៍កន្លងមកនេះ គឺបានមកពីចរន្តភ្ញៀវទេសចរដែលបានដើរកម្សាន្តនារយៈពេល ២ ថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំចិន (ថ្ងៃចន្ទ និងអង្គារ) ខណៈដែលសម្រាប់រយៈពេល ៤ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិននេះ យើងទទួលភ្ញៀវសរុប្រមាណ១លាននាក់។
ជាមួយការបន្តកើនឡើងនៃចរន្តភ្ញៀវទេសចរក្នុងស្រុកនាដើមឆ្នាំ២០២៣នេះ ចរន្តភ្ញៀវទេសចរអន្តរជាតិក៏បាននិងកំពុងបង្ហាញសញ្ញាវិជ្ជមានជាមួយការមកដល់ជាបន្តបន្ទាប់នៃភ្ញៀវទេសចរអន្តរជាតិ។ ជាក់ស្តែង បន្ទាប់ពីរដ្ឋាភិបាលចិនអនុញ្ញាតឱ្យប្រជាជនចេញក្រៅប្រទេសឡើងវិញ អាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ បានទទួលជើងហោះហើរលើកដំបូងមកពីប្រទេសចិន នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ជាមួយវត្តមានភ្ញៀវទេសចរចំនួន ១០៤នាក់ និងក្រុមអ្នកបម្រើការលើយន្តហោះ ៦ នាក់ទៀត សរុប ១២០ នាក់។
រីឯនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៦ និង១៧ កុម្ភៈ នឹងមានជើងហោះហើរពីទីក្រុងគួនមីង និងពីសៀងហៃ ប្រត្តិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ China Eastern។ ចាប់ពីចុងខែមីនាទៅទើបមានកម្មវិធីហោះហើរទៀងទាត់។ យើងនឹងរៀបចំពីធីស្វាគមន៍ដ៏សមរម្យមួយដូចនៅក្រុងព្រះសីហនុផងដែរ។
នៅសៀមរាបបច្ចុប្បន្ន មានជើងហោះហើរចន្លោះពី១៦-១៩ជើងក្នុង១ថ្ងៃ ដែលភ្ញៀវចន្លោះ១៨០០-១៩០០នាក់។ រីឯភ្ញៀវទិញសំបុត្រចូលអង្គរយ៉ាងតិច២០០០នាក់ក្នុងមួយថ្ងៃផងដែរ។ ភ្ញៀវប្រចាំថ្ងៃ បច្ចប្បន្ននៅសៀមរាបច្រើនជាងគេ គឺភ្ញៀវកូរ៉េដែលមកតាមជើងហោះហើរប្រចាំថ្ងៃរបស់ Sky Angkor Airline៕






