បាល់ទាត់៖ ក្លិបតោខៀវ Chelsea បានត្រលប់មកកាន់ការចរចាជាមួយ Benfica សាជាថ្មីក្នុងការនាំយកខ្សែបម្រើជ័យលាភី World Cup ជាមួយអាហ្សង់ទីន Enzo Fernandez។
Fernandez ដែលជាកីឡាកររបស់ Benfica កាលពីខែសីហានោះមានតម្លៃទិញផ្តាច់កុងត្រា ១០៥លានផោន ហើយជាមួយគ្នានោះដែរក្លិបព័រទុយហ្កាល់មួយនេះបានដាក់តម្លៃលក់ Enzo Fernandez ក្នុងតម្លៃ ១២០លានផោន តែ Chelsea ហ៊ានឱ្យត្រឹមក្រោម ១០០លានផោនប៉ុណ្ណោះកាលពីដើមខែមករាកន្លងមក។ ស្របពេលដែលទីផ្សាដោះដូរកីឡាករក្នុងខែមករានេះនឹងបិទបញ្ចប់ត្រឹមយប់ថ្ងៃអង្គារនេះ Chelsea បានបញ្ចេញសំណើរបស់ខ្លួនសាជាថ្មីជាមួយនឹងតម្លៃ ១០៥លានផោន រង់ចាំតែការសម្រេចចិត្តរបស់ Benfica ប៉ុណ្ណោះ។
ប្រសិន Enzo Fernandez ផ្លាស់មកកាន់ Stamford Bridge បានសំរេចមែន មានន័យថាគេនឹងក្លាយជាកីឡាករដែលមានតម្លៃផ្ទេរថ្លៃបំផុតនៅចក្រភពអង់គ្លេស បំបែកកំណត់ត្រាចាស់ Jack Grealish ដែលផ្លាស់ពី Aston Villa ទៅកាន់ Manchester City តម្លៃ ១០០លានផោនកាលពីឆ្នាំ២០២១។ គិតមកដល់ពេលនេះ Chelsea បានចំណាយលុយនាំចូលកីឡាករថ្មីក្នុងខែមករានេះប្រមាណ ១៦០លានផោនមកហើយដែលរួមមាន Noni Madueke, Mykhailo Mudryk, David Dastro Fofana, Andrey Santos, Benoit Badiashile ខ្ចី Joao Felix ពី Atletico Madrid និង Malo Gusto ពី Lyon៕
អត្ថបទ៖នាង សុភាវុធ