ក្រចេះ៖ ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ បានឱ្យដឹងបន្ថែមថា ខេត្តក្រចេះមានក្រុមហ៊ុនមកវិនិយោគ សម្បទានដីសេដ្ឋកិច្ចចំនួន ៤៨ ក្រុមហ៊ុន លើផ្ទៃដី ១៩៨ ៩៧០ ហិកតា។ ដាំដុះកៅស៊ូចំនួន ៥៤.៤៤៥ ហិកតា (កៅស៊ូអវិនិយោគ ៤.៤០៦ហិកតា) ដំឡូងមីចំនួន ១,០០០ ហិកតា ចេកអំបូងលឿងចំនួន ៣.៤៥៥ ហិកតា អំពៅចំនួន ៦.០០០ ហិកតា ម៉ៃសាក់ចំនួន ១.៦៥១ ហិកតាស្វាយចន្ទីចំនួន ៣.៤៩៧ ហិកតា និងឈើហូបផ្លែចំនួន ៦៨១ ហិកតា។ ចំណែក ការដាំដុះកៅស៊ូជាលក្ខណៈគ្រួសារចំនួន ២៧.៥២៣ ហិកតា ស្វាយចន្ទីចំនួន ៦១.៤១៩ ហិកតា ដំឡូងមី ៧២.៩៩៨ ហិកតា និងដំណាំរួមផ្សំជាច្រើនពាន់ហិកតាថែមទៀត។
ឯកឧត្ដម វ៉ា ថន បញ្ជាក់ថាបែបនេះ ក្នុង សន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តក្រចេះ» ដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី។
ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ ថ្លែងឱ្យដឹងទៀតថា ក្នុងខេត្តក្រចេះ ដាំដុះដំណាំស្រូវប្រាំង និងស្រូវវស្សាក្នុងឆ្នាំ២០២២ អនុវត្តបានចំនួន ៥៤.៦៨២ ហិកតា ស្មើនឹង ១០១,២៦% នៃផែនការ ៥៤០០០ ហិកតា ទទួលបានបរិមាណផលស្រូវសរុប ១៧៨.៨៣៨ តោន ផ្គត់ផ្គង់តម្រូវការគ្រប់គ្រាន់ក្នុងខេត្ត និងសល់ស្រូវនាំចេញចំនួន ៥៧.៥៨០ តោន។
ឯកឧត្ដម វ៉ា ថន បានលើកឡើងបន្ដថា ការដាំដុះដំណាំកៅស៊ូ ក្នុងខេត្ត សរុបចំនួន ៨៦ ៣៧៤ ហិកតា។ ដំឡូងមីចំនួន ៧៣,៩៨៩ ហិកតា ស្វាយចន្ទី ចំនួន ៦៤.៩១៧ហិកតា ចេកអំបូងលឿងចំនួន ៣.៤៥៥ ហិកតា អំពៅចំនួន ៦០០០ ហិកតា ម៉ៃសាក់ចំនួន ១.៦៥១ ហិកតា និងឈើហូបផ្លែចំនួន ៦៨១ ហិកតា៕