ភ្នំពេញ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានថ្លែងថា នៅក្នុងខេត្តក្រចេះ មានតំបន់ ការពារធនធានធម្មជាតិចំនួន ៦កន្លែង ដែលមានផ្ទៃដីសរុបចំនួនជាង ៤០ម៉ឺនហិកតា ដែលស្ថិតក្នុងស្រុកចំនួន៣ ដោយអាជ្ញាធរខេត្តកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការការពារ ។
ក្នុងសន្និសីទសារព័ត៌មានស្តីពី ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តក្រចេះ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម វ៉ា ថន មានប្រសាសន៍ថា ដែនការពារធនធានធម្មជាតិទាំងអស់នោះ មានស្ថិតក្នុងស្រុកស្នួល ស្រុកសំបូរ និងស្រុកព្រែកប្រសព្វ ក្នុងនោះរួមមានដែនជម្រកសត្វព្រៃព្រៃឡង់ មានផ្ទៃដីជាង១០ម៉ឺនហិកតា, ដែនជម្រកសត្វព្រៃកែវសីម៉ា ជិត៦ម៉ឺនហិកតា, ដែនជម្រកសត្វព្រៃសំបូរ ជាង៥ម៉ឺនហិកតា, ដែនជម្រកសត្វព្រៃព្រែកប្រសព្វ ជាង១ម៉ឺនហិកតា, តំបន់ប្រើប្រាស់ច្រើនយ៉ាងសសរស្ដម្ភសត្វតោ ជាង៨០០ហិកតា និងរបៀងអភិរក្សជីវចម្រុះ មានផ្ទៃដីជាង ១០០ហិកតា ។ មានស្នាក់ការដែនជម្រកសត្វព្រៃចំនួន ១១កន្លែង និងមានមន្ត្រីឧទ្យានុរក្សចំនួន ២៩នាក់ ។
ឯកឧត្តមបានបន្តថា ក្នុងការងារការពារធនធានធម្មជាតិនេះ អាជ្ញាធរខេត្តបានចុះល្បាត និងធ្វើការអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋជាប់ជាប្រចាំ និងការលើកកម្ពស់អំពីការយល់ដឹង អំពីបរិស្ថាន ដើម្បីកែប្រែទាំងផ្នត់គំនិត និងឥរិយាបទរបស់ពលរដ្ឋ ឲ្យស្រឡាញ់បរិស្ថាន និងមានស្មារតីចូលរួមយល់ដឹងអំពីកិច្ចគាំពារបរិស្ថាន ការពារធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាព ។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា អាជ្ញាធរខេត្តក្រចេះ កំពុងធ្វើកិច្ចសហការជាមួយអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ចំនួន៣៤ ដោយធ្វើសកម្មភាពមួយចំនួន ដូចជាវិស័យអប់រំ សុខាភិបាល ការការពារធនធានធម្មជាតិ និងការងារបរិស្ថាន ៕អត្ថបទ បាន សុខរិទ្ធិ




