ចិន៖ ក្រុមមន្ត្រីសុខភាពចិននិយាយថា រលកឆ្លងវីរុស Covid-19 នាពេលបច្ចុប្បន្នរបស់ប្រទេសនេះកំពុងឈានដល់ទីបញ្ចប់ហើយ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់ប្រទេសចិន បាននិយាយនៅក្នុងរបាយការណ៍មួយថា ចំនួនករណីឆ្លងធ្ងន់ធ្ងរ និងស្លាប់ដោយសារវីរុស Covid-19 កំពុងធ្លាក់ចុះ។

មជ្ឈមណ្ឌលនេះនិយាយថា គេពុំបានមើលឃើញការហក់ឡើងវិញនៃការណីឆ្លងទេ អំឡុងថ្ងៃឈប់សម្រាកពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនកាលពីសប្ដាហ៍មុន ជាទីដែលមនុស្សរាប់លាននាក់បានជួបជុំគ្រួសារ។ ជាមួយគ្នានេះមានសំណួរជាច្រើនបានលើកឡើង អំពីសេចក្ដីរាយការណ៍នៃការឆ្លងរាលដាលវីរុស Covid-19 របស់ប្រទេសចិន។ ប៉ុន្តែក្រុមអ្នកជំនាញនិយាយថា ការធ្លាក់ចុះដែលបានរាយការណ៍នៅពេលនេះ ឆ្លើយតបទៅនឹងពេលវេលាដែលត្រូវគេរំពឹងទុកថា រលកករណីឆ្លងដ៏ធំកំពុងឈានទៅរកទីបញ្ចប់ហើយ។

វីរុសនេះបានឆ្លងរាលដាលពាសពេញទីក្រុងតូច-ធំរបស់ចិន ក្រោយក្រុមអាជ្ញាធរបានដកវិធានគ្មានវីរុស ឬ zero-Covid ដ៏តឹងរ៉ឹងកាលពីខែធ្នូ។ ប៉ុន្តែចំនួនអ្នកជំងឺទៅគ្លីនិកពិគ្រោះអាការៈក្ដៅខ្លួនបានធ្លាក់ចុះជាង ៩០% រហូតដល់ខែមករានេះ ហើយចំនួនអ្នកជំងឺចូលសម្រាកនៅមន្ទីរពេទ្យបានធ្លាក់ចុះជាង ៨៥% ដែរ៕
អត្ថបទ៖ សុខមាន