រុស្ស៊ី៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA Novosti ក្នុងបទសម្ភាសន៍ដែលបានបញ្ចេញកាលពីថ្ងៃចន្ទថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធយោធាណាតូក្នុងការបញ្ជូនរថក្រោះទៅអ៊ុយក្រែន បានធ្វើឲ្យការពិភាក្សានានាក្លាយជាឥតន័យសម្រាប់ទីក្រុង Moscow ក្នុងការចរចាណាមួយជាមួយទីក្រុង Kyiv។

លោកបាននិយាយថា ស្ថិតក្រោមលក្ខខណ្ឌបច្ចុប្បន្ន នៅពេលទីក្រុងវ៉ាស៊ីនតោនបានប្រកាសការសម្រេចចិត្តផ្គត់ផ្គង់រថក្រោះ និងប្រទេសសម្ព័ន្ធរបស់ខ្លួនរួមទាំងទីក្រុង Ottawa កំពុងប្រកួតប្រជែងជុំវិញបញ្ហាថា តើប្រទេសណាមួយនឹងផ្គត់ផ្គង់យានប្រយុទ្ធ ជាពិសេសយានប្រយុទ្ធចាស់ៗទៅឲ្យប្រទេសអ៊ុយក្រែន និងថាតើចំនួនដែលបញ្ជូនទៅនោះមានប៉ុន្មាន។ វាពុំមានន័យអ្វីទៀតដើម្បីចរចាទេ ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនពីបទប្រើប្រាស់អ៊ុយក្រែន ជាមូលដ្ឋានសាកល្បងអាវុធរបស់ខ្លួន។
លោកបានបន្ថែមថា យើងមានបំណងពិចារណាការផ្ដួចផ្ដើមជាក់លាក់ ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន ប៉ុន្តែគ្មាននរណាម្នាក់បញ្ជាក់ពីការផ្ដួចផ្ដើមទាំងនោះឲ្យបានត្រឹមត្រូវទេ។ អ៊ុយក្រែនបានទទួលការសន្យាកាលពីសប្ដាហ៍មុនជាមួយអាល្លឺម៉ង់ថា ខ្លួននឹងបញ្ជូនរថក្រោះឡេភើតជំនាន់ទី២ ចំនួន ១៤គ្រឿងឲ្យទៅទីក្រុង Kyiv ស្របពេលដែលខ្លួនក៏បានអនុញ្ញាតឲ្យប្រទេសផ្សេងទៀតដែលមានរថក្រោះឡេភើត រួមទាំងប្រទេសន័រវេសដើម្បីផ្គត់ផ្គង់ឲ្យអ៊ុយក្រែនដែរ៕
អត្ថបទ៖ សុខមាន