បាល់ទាត់៖ ក្រុមបាល់ទាត់ក្រសួងអប់រំ យុវជន និងកីឡា, អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងក្រុមក្រសួងមុខងារសាធារណៈបានបន្ថែម ៣ពិន្ទុពេញដូចគ្នាសម្រាប់ការប្រកួតទី២ ក្នុងពូល D និងពូល E នៃការប្រកួតបាល់ទាត់មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័នលើកទី៨ ឆ្នាំ២០២៣។

សម្រាប់ក្រុមបាល់ទាត់ក្រសួងអប់រំ យុវជន និងកីឡាបានយកឈ្នះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដោយលទ្ធផល ១-០ ដែលធ្វើសម្រេចដោយកីឡាករ លី ណារិទ្ធ។ ជ័យជម្នះនេះធ្វើឲ្យក្រសួងអប់រំឈរកំពូលតារាងពូល D មាន ៦ពិន្ទុពេញ គ្រាដែលរាជធានីភ្នំពេញស្គាល់ជ័យជម្នះលើកដំបូង ដោយយកឈ្នះក្រុមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ៣-២ ដើម្បីមាន ៣ពិន្ទុស្មើគ្នាជាមួយក្រុមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ចំណែកក្រុមអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានយកឈ្នះក្រុមអាជ្ញាធរសវនកម្មជាតិ ៥-០ និងក្រសួងមុខងារសាធារណៈយកឈ្នះក្រុមក្រសួងផែនការ ៣-១។ ជ័យជម្នះនេះដែរបានធ្វើឲ្យក្រុមអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងក្រសួងមុខងារសាធារណៈរក្សាកំណត់ត្រាឈ្នះ និងឈរកៅអីកំពូលតារាងដោយមាន ៦ពិន្ទុស្មើគ្នា បន្ទាប់ពីទទួលបានជ័យជម្នះ ២ប្រកួតផ្ទួនៗ ខណៈក្រសួងផែនការ និងអាជ្ញាធរសវនកម្មជាតិមិនទាន់មានពិន្ទុរាប់នោះទេ៕
អត្ថបទ៖ លី ឈុនឡា