ជឺជីតស៊ូ៖ លោកបណ្ឌិត សេង ប៊ុនសុង ប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានជំរុញឲ្យកីឡាករ-កីឡាការិនីកម្ពុជាគ្រប់វ័យត្រូវបន្ដការខំប្រឹងហ្វឹកហាត់បន្ថែមទៀត ដើម្បីសម្រួចគុណផលកម្រិតខ្ពស់ បន្ទាប់ពីពួកគេធ្វើបានល្អក្នុងការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២២ កាលពីចុងសប្ដាហ៍កន្លងទៅ។
បន្ទាប់ពីបញ្ចប់ការប្រកួតប្រចាំឆ្នាំនេះ លោកបានវាយតម្លៃខ្ពស់ចំពោះសន្ទុះរីកចម្រើនរបស់កីឡាករ-កីឡាការិនីជឺជីតស៊ូកម្ពុជាដែលពួកគេធ្វើបានល្អ និងរីកចម្រើនច្រើនទាំងបច្ចេកទេស និងវិន័យ បើធៀបទៅនឹងការប្រកួតកីឡាជាតិ លើកទី៣ កាលពីជាង ២ខែមុន។ ដូច្នេះបើសិនពួកគេបន្ដការខំប្រឹងបន្ថែមទៀត លោកជឿជាក់ថា អនាគតវិស័យកីឡាមួយនេះនឹងកាន់តែរីកចម្រើន។ ដោយឡែកគណៈកម្មការរៀបចំក៏ដំណើរការរៀបចំយ៉ាងរលូន និងទទួលបានជោគជ័យផងដែរ។ តាមរយៈនេះលោកមានសុទិដ្ឋិនិយមថា វិស័យកីឡាជឺជីតស៊ូកម្ពុជាកំពុងរីកចម្រើនគួរឲ្យកត់សម្គាល់ ទាំងធនធានកីឡាករ-កីឡាការិនី និងមន្ដ្រីបច្ចេកទេសដែលជាកិត្តិយសមួយសម្រាប់សហព័ន្ធ ក្នុងការត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នាខែឧសភាខាងមុខ។
គួរដឹងថា ការប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ បានធ្វើឡើងរយៈពេល ៣ថ្ងៃពីថ្ងៃទី២៧-២៩ ខែមករា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិ ដោយមានកីឡាករ-កីឡាការិនីចូលរួមសរុប ២៨នាក់មកពី ៧ក្លិប ក្រោមការឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា៕
អត្ថបទ៖ លី ឈុនឡា