ភ្នំពេញ៖ និវត្តជន និងអតីតយុទ្ធជនទាំងអស់សុទ្ធតែទទួលបាននូវប្រាក់សោធននិវត្តពីរាជរដ្ឋាភិបាលកម្ពុជា។ ការផ្ដល់ប្រាក់សោធននិវត្ត ក៏ដូចជាការបន្តដំឡើងប្រាក់សោធននិវត្តនេះ ផ្ដល់ជាភាពកក់ក្ដៅ ការពេញចិត្តសម្រាប់មន្រ្តីចូលនិវត្ត ដែលបានលះបង់បំពេញភារកិច្ចការងារជូនរដ្ឋ។
រាជរដ្ឋាភិបាលកម្ពុជា ក្រៅពីយកចិត្តទុកដាក់ចំពោះមន្រ្តីរាជការដែលកំពុងបំពេញភារកិច្ច រាជរដ្ឋាភិបាលក៏យកចិត្តទុកដាក់ ចំពោះមន្រ្តីស៊ីវិលចូលនិវត្ត ក៏ដូចជាអតីតយុទ្ធជនផងដែរ។ ជាក់ស្ដែងគឺរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ថវិកាសោធននិវត្តជាប្រចាំខែ និងតែងមានការដំឡើងប្រាក់សោធនជូនមន្រ្តីចូលនិវត្ត និងអតីតយុទ្ធជនទូទាំងប្រទេស។
នេះជាការលើកឡើងរបស់ ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម។
ការបើកសាច់ប្រាក់សោធននិវត្តជាក់ស្ដែង ធ្វើឡើងនៅថ្ងៃ ៣១ ខែមករានេះ ជាការបើកសាច់ប្រាក់លើកទី ២ សម្រាប់ខែ មករា ឆ្នាំ ២០២៣។ មន្រ្តីចូលនិវត្ត ក៏ដូចជាអតីតយុទ្ធជន រស់នៅរាជធានីភ្នំពេញ អាចទៅបើកសាច់ប្រាក់នៅ ធនាគារកាណាឌីយ៉ា រីក្រុមគោលដៅដែលរស់នៅបណ្ដាខេត្តផ្សេងទៀត គឺទៅបើកសាច់ប្រាក់នៅ ធានាគារអេស៊ីលីដា។
អំឡុងពេលមកបើកសាច់ប្រាក់នៅធនាគារ កាណាឌីយ៉ា នាថ្ងៃនេះ មន្រ្តីចូលនិវត្តបានបង្ហាញនូវភាពពេញចិត្តជាខ្លាំង ចំពោះរាជរដ្ឋាភិបាលដែលបានផ្ដល់ប្រាក់សោធន ផ្ដល់ការដំឡើងសាច់ប្រាក់ជាប្រចាំជូនពួកគាត់។ ពួកគាត់ជាសប្បាយចិត្តចំពោះការតបស្នងមួយនេះ។ ការបើកប្រាក់សោធននិវត្តនេះ ជាក់ស្ដែងធ្វើឡើង ២ដង ក្នុងមួយខែ។
ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក មូលនិធិជាតិជំនួយសង្គមលើកឡើងថា ការបើកសាច់ប្រាក់ក្នុងពេលបច្ចុប្បន្ន គឺមានមន្រ្តីរាជការស៊ីវិលចូលនិវត្តក្នុងរង្វង់ជិត ៦ម៉ឺននាក់ និងអតីតយុទ្ធជនក្នុងរង្វង់ ៥ទៅ៦ម៉ឺននាក់ផងដែរ។ ជាប្រចាំខែ គឺរាជរដ្ឋាភិបាលកម្ពុជាចំណាយថវិកាប្រមាណ ៣០លានដុល្លារក្នុងមួយខែ។ សាច់ប្រាក់ទទួលបាន គឺមានភាពផ្សេងគ្នា ហើយការទទួលបានគឺតិចបំផុត ៦០ភាគរយនៃប្រាក់បៀវត្សមុនពេលពួកគេចូលនិវត្ត។
តាមការបញ្ជាក់របស់ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក មូលនិធិជាតិជំនួយសង្គម បច្ចុប្បន្នក្រុមការងារជំនាញ ក៏កំពុងគិតគូពីការផ្តល់អត្ថប្រយោជន៍បន្ថែមជូនក្រុមគោលដៅទាំងពីរផងដែរ។ អត្ថប្រយោជន៍ទាំងនេះរួមមាន ប្រព័ន្ធកម្ចីក្នុងអាត្រាការប្រាក់ទាប ដោយមិនទាមទារទ្រព្យបញ្ចាំ និងការសហការជាមួយវិស័យឯកជន ក្នុងការបញ្ចុះតម្លៃនានាជាដើម៕ អត្ថបទ៖ គឹមហុក