ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីក្រុមហ៊ុនសហគ្រាសថ្មី ចំនួន ១០ ៧០១ ក្នុងឆ្នាំ២០២២ កើនឡើង ៤០ភាគរយ ធៀបនឹងឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្មបង្ហាញ នៅថ្ងៃទី៣០ ខែមករានេះ។
ក្នុងរបាយការណ៍ចេញផ្សាយ កាលពីថ្ងៃច័ន្ទ ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ករណីស្នើសុំលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្ម មាន ៨៨៨ ក្រុមហ៊ុន កើន៣៨ភាគរយធៀបនឹង ៦៤៣ក្រុមហ៊ុន ក្នុងឆ្នាំ២០២១។ ករណីស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណតាមប្រព័ន្ធអេឡិចត្រូនិក មានជាង ៦ពាន់ ក្រុមហ៊ុន។ បន្ថែមពីលើនេះ ក្រសួងបញ្ជាក់ថា ក្រុមហ៊ុនស្នើសុំបម្រុងទុកនាមករណ៍ មានជាង ១៣ ០០០ ក្រុមហ៊ុន។
ថ្លែងក្នុងពិធីបើក ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្មបានបន្តធ្វើបច្ចុប្បន្នភាពនូវប្រព័ន្ធស្វ័យប្រវត្តិកម្មលើការចុំបញ្ជីពាណិជ្ជកម្ម ដោយការអភិវឌ្ឍប្រព័ន្ធផ្តល់លិខិតអនុញ្ញាត និងអាជ្ញាបណ្ណអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីតភ្ជាប់ក្នុងប្រព័ន្ធចុះបញ្ជីតាមថ្នាល់បច្ចេកវិទ្យាដំណាក់កាលទី៣ និងកំពុងអភិវឌ្ឍប្រព័ន្ធចុះបញ្ជីកែប្រែ។
ឯកឧត្តមបន្ថែមទៀតថា ក្នុងនោះ ក្រសួងក៏បានរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្មពេញលេញសម្រាប់កិច្ចការចុះបញ្ជីម៉ាក និងការបង់កម្រៃសេវាសាធារណៈតាមប្រព័ន្ធអនឡាញ បានរៀបចំប្រព័ន្ធ Cloud សម្រាប់គ្រប់គ្រងទិន្នន័យ និងឯកសារនៃការចុះបញ្ជីម៉ាកផងដែរ។
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា ការចុះបញ្ជីបង្កើតក្រុមហ៊ុន សហគ្រាសមានការកើនឡើង ជាសញ្ញាមួយល្អសម្រាប់សេដ្ឋកិច្ចជាតិ ដោយសារការចាក់វ៉ាកស៊ាំងប្រឆាំងកូវីដ១៩ បានជោគជ័យ នាំឱ្យបើកដំណើរការសង្គម-សេដ្ឋកិច្ចឡើងវិញ ជាពិសេសកម្ពុជា បានអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងRCEP ធ្វើឱ្យក្រុមហ៊ុនជាច្រើន ចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា៕អត្ថបទ ឈិត បូរ៉ាវី