ភ្នំពេញ៖ បណ្តាស្ត្រីបំរើការងារបំរើការងារនៅតាមមណ្ឌលសេវាកម្សាន្តមនុស្សពេញវ័យ ក្នុងវិស័យទេសចរ បានលើកឡើងថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានប្រកាសផ្តល់មេធាវីការពារក្តី ជូនស្ត្រីនានាដែលបំរើការងារនៅតាមក្លិបរង្គសាល បៀហ្កាឌិន ម៉ាស្សា ស្ប៉ា ខារ៉ាអូខេ KTV និងឌីស្កូតែកជាដើម នៅពេលរឿងវិវាទនានា នៅក្នុងកន្លែងបំរើការងារ។
បើតាមបណ្តានារី បំរើការងារនៅតាម បៀហ្កាឌិន និង KTV នៅក្រុងតាខ្មៅ ខេត្តកណ្តាល បានថ្លែងប្រាប់ BTV នៅយប់ថ្ងៃទី៣០ ខែមករានេះថា កន្លងមកមានស្ថាប័នរដ្ឋពាក់ព័ន្ធជាច្រើន បានធ្វើការងារផ្តល់សេវាកម្មផ្នែកច្បាប់ជាច្រើនជួយដល់បណ្តាស្ត្រីយើងដែលជាជនងាយរងគ្រោះនានាជាពិសេសស្ត្រីបំរើការក្រៅប្រព័ន្ធនៅតាមមណ្ឌលសេវាកម្សាន្តមនុស្សពេញវ័យងាយរងការបំពានផ្លូវភេទ និងការចាប់ធ្វើអំពើហិង្សា គំរាមកំហែងនានានៅក្នុងកន្លែងការងារ ហើយនៅពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រកាសផ្តល់មេធាវីការពារក្តីនានាជូនស្ត្រីងាយរងគ្រោះនេះទៀត គឺធ្វើឲ្យយើងមានទំនុកចិត្តកាន់តែខ្លាំងលើការការពារផ្នែកច្បាប់ និងដោះស្រាយបានលឿននៅពេលយើងមានរឿងក្តីនានាឡើងទៅដល់តុលាការ។
បើតាមលោកស្រី ស ស៊ីណែត អ្នកនាំពាក្យក្រសួងកិច្ចការនារី បានថ្លែងថា នៅពេលបច្ចុប្បន្នក្រុមស្ត្រីបំរើការងារសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ នៅតាមមណ្ឌលសេវាកម្សាន្តនានា គឺពិតជាពិសេសខ្លាំង ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រីប្រកាសផ្តល់មេធាវី ដើម្បីកិច្ចការអន្តរាគមន៍ជួយទាន់ពេលវេលានៅពេលស្ត្រីជួបរងការរំលោភបំពានដោយខុសច្បាប់។
លោកស្រី ស ស៊ីណែត ថ្លែងថា នៅពេលបច្ចុប្បន្នក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារីរាជធានីខេត្ត សហការជាមួយអាជ្ញាធររាជធានីខេត្ត ជួយក្មេងស្រី និងស្រ្តីក្រីក្រ ដូចជាផ្តល់សេវាប្រឹក្សាផ្លូវចិត្ត សេវាប្រឹក្សាយោបល់ផ្នែកច្បាប់ និងការសម្របសម្រួលរៀបចំបណ្តឹង និងសម្រួលស្នើមេធាវីនិងសេវានានាទៀត បើពួកគាត់មានតម្រូវការ។
បើតាមលោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ថ្លែងថា មុនបរិបទកូវីដ១៩ ឆ្នាំ២០១៩ ក្រសួងទេសចរណ៍បានចងក្រងក្រុមស្ត្រីបំរើការក្រៅប្រព័ន្ធតាមមណ្ឌលសេវាកម្សាន្តមនុស្សពេញវ័យបានជាង ២០០០ក្រុម តែមកដល់ឆ្នាំ២០២៣ ក្រសួងបាននឹងកំពុងរៀបចំចងក្រុមស្ត្រីបំរើការងារក្រៅប្រព័ន្ធឡើងវិញ ដោយមានការកំណត់ចុះឈ្មោះគ្រប់គ្រងត្រឹមត្រូវ ដើម្បីងាយស្រួលរៀបចំគោលនយោបាយផ្តល់សេវាគាំពារ ជាពិសេសការទទួលបានសិទ្ធស្មើៗគ្នានៅក្នុងកន្លែងធ្វើការងារ៕អត្ថបទ ស៊ុម សុខជា