បាល់ទាត់៖ ក្លិប Brighton ជាថ្មីម្តងទៀតបានបដិសេធសំណើ ៧០លានផោនពីកាំភ្លើងធំ Arsenal ដែលចង់បានខ្សែបម្រើអេក្វាដ័រ Moises Caicedo។ ក្លិបនៅ Premier League, Brighton បានបញ្ជាក់ថា កីឡាករវ័យ ២១ឆ្នាំរូបនេះមិនស្ថិតក្នុងគម្រោងលក់ចេញរបស់ក្លិបឡើយ។
Arsenal និង Chelsea ត្រូវបានគេដឹងថា សុទ្ធតែត្រូវបានបដិសេធដោយ Brighton ពីការចង់បានកីឡាករវ័យ ២១ឆ្នាំរូបនេះ។ Moises Caicedo ក៏បានបញ្ជាក់ទៅកាន់ក្លិបរបស់ខ្លួនផងដែរកាលពីសប្តាហ៍មុន ពីការចង់ចាកចេញតែត្រូវបាន Brighton ប្រាប់ឱ្យទុកពេលវេលាសម្រាកពីការហ្វឹកហាត់ ដល់ថ្ងៃបិទបញ្ចប់នៃទីផ្សារដោះដូរកីឡាករថ្ងៃអង្គារនេះ។ កាលពីថ្ងៃអាទិត្យ Brighton បានយកឈ្នះ Liverpool ឡើងជុំទី FA Cup ខណៈអ្នកចាត់ការលោក Roberto de Zerbi បាននិយាយថា លោកចង់ទុក Caicedo នៅជាមួយក្លិបដល់ចប់រដូវកាលនេះសិន។
Brighton កំពុងឈរលេខ ៦ នៅ Premier League ៥ពិន្ទុដេញពីក្រោយក្រុមលេខ ៥ Tottenham។ រំលឹកថា Moises Caicedo បានបង្ហាញខ្លួន ២៦ប្រកួតឱ្យ Brighton រដូវកាលនេះនៅ Premier League ស៊ុតបញ្ចូលទីបាន ២គ្រាប់ និងមានកិច្ចសន្យាជាមួយក្លិបដល់ឆ្នាំ២០២៥៕
អត្ថបទ៖នាង សុភាវុធ