ភ្នំពេញ ៖ រសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ លោកជំទាវបណ្ឌិត ដាំ ដារីនី អនុប្រធានស.ស.យ.ក. បានអញ្ជើញជូនដំណើរប្រតិភូសិល្បករ សិល្បការិនីកម្ពុជា ទៅចូលរួមព្រឹតិ្តការណ៍ឈីងហ្គេឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣-០៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីតាំង F1 Pit Building សាធារណរដ្ឋសិង្ហបុរី។
លោកជំទាវ មានមោទនភាព និងជូនពរប្រតិភូសិល្បករ សិល្បការិនី លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ទទួលបានជោគជ័យ ព្រមទាំងហាត់សម្តែង ចេញឲ្យអស់ពីសមត្ថភាព មុនឈានដល់ការចូលរួមព្រឹត្តិការណ៍ឈីងហ្គេឆ្នាំ២០២៣។
គួររំលឹកថា ដោយតបតាមការអញ្ជើញរបស់សមាគមប្រជាជននៃសាធារណៈរដ្ឋសិង្ហបុរី សហភាពសហព័ន្ធយុវជនកម្ពុជា បានសម្របសម្រួលដឹកនាំប្រតិភូកម្ពុជា ចូលរួមសម្ដែងក្នុងព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេចំនួនពីរលើករួចមកហើយ។ ក្នុងឆ្នាំ២០១៧ ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ប្រតិភូកម្ពុជាបានចូលរួមសម្ដែងទស្សនីយភាពសិល្បៈខ្មែរក្រោមប្រធានបទ៖ «សុខដុមក្នុងភាពចម្រុះ នៃវប្បធម៌(Unity in Cultural Diversity)»។ ជាមួយគ្នានេះ ក្នុងឆ្នាំ២០១៩ កម្ពុជា ក៏បាននាំយកសិល្បៈប្រពៃណី និងរបាំរហ័សសម័យចំនួន៥ទម្រង់ រួមបញ្ចូលគ្នាទៅសម្ដែងក្រោមប្រធានបទ៖ «ភាពសុខដុម (HARMONY)»។
ដោយឡែកសម្រាប់ព្រឹត្តិការណ៍ក្បួនដង្ហែ “ឈីងហ្គេ ឆ្នាំ២០២៣» នឹងប្រារព្ធឡើងក្រោមប្រធានបទ៖ « Embrace Tomorrow» ហើយប្រទេសកម្ពុជាបានត្រៀមនូវការសម្តែងដ៏ពិសេសមួយក្រោមប្រធានបទ៖ *ក្តីសង្ឃឹមរបស់យើង (Our Hopes)» ដែលមានរួមបញ្ចូលគ្នានូវរបាំបុរាណ របាំសហសម័យ ក្បាច់ផ្ការំដួល និងសៀក ដើម្បីយកទៅសម្ដែងជូនដល់ភ្ញៀវអន្តរជាតិដែលបានចូលរួមព្រឹត្តិការណ៍ក្បួនដង្ហែរដោយផ្ទាល់ ឬ ទស្សនាតាមការផ្សព្វផ្សាយនានា។ ការសម្តែងទាំងមូល នឹងបង្ហាញក្តីសង្ឃឹម និងភាពសុខដុមរបស់ប្រជាជាតិខ្មែរ ក៏ដូចជាភាពស្រស់ត្រកាលក្នុងការរស់នៅប្រទេសដែលមានសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕ អត្ថបទ ៖ រដ្ឋា











