កោះកុង៖ ក្រុមមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋរស់នៅក្នុងខេត្តកោះកុងជិត៩ពាន់នាក់ បានបន្តទទួលវ៉ាក់សាំងដូសទី៥ និងដូសទី៦ ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ និងភាពស៊ាំក្នុងសហគមន៍។
តបនឹងការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យុវជន និងប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុង បានបន្តស្ម័គ្រចិត្តចាក់វ៉ាក់សាំងនៅតាមអគាររដ្ឋបាល មន្ទីរ អង្គភាព និងសាលារៀនតាមគោលដៅរៀងៗខ្លួន ប្រកបដោយទំនុកចិត្តខ្ពស់។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានឱ្យដឹងថា គិតមកដល់ចុងខែ មករានេះ មានក្រុមមន្រ្តីរាជការស៊ីវិល មន្រ្តីសុខាភិបាល កម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី និងយុវជន ប្រមាណជិត៩ពាន់នាក់ហើយ បានចាក់វ៉ាក់សាំងដូសទី៥ និងដូសទី៦ ។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា រាល់ការចាក់វ៉ាក់សាំង គឺមិនផ្តោតតែចាក់វ៉ាក់សាំងដូសទី៥ និង ទី៦ប៉ុណ្ណោះទេ ពោលគឺបច្ចុប្បន្ន ដូសទី១ឡើងទៅ ក៏ត្រូវចាក់ដែរ ដោយក្រុមគ្រូពេទ្យ បានពង្រាយរហូត ដល់ភូមិរបស់ប្រជាពលរដ្ឋតែម្តង ។
កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង ដែលបានមកចាក់វ៉ាក់សាំងដូសទី៥ និងដូសទី៦ សុទ្ធតែអះ អាងថា ការចាក់វ៉ាក់សាំងដូសជំរុញនេះ គឺធ្វើឡើងដោយគោលការណ៍ស្ម័គ្រចិត្ត ដើម្បីរួមគ្នាបន្តទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ឡើងវិញ និងជាពិសេសភាពស៊ាំក្នុងសហគមន៍រស់នៅបច្ចុប្បន្ន ។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានបង្ហាញថា គិតត្រឹមថ្ងៃទី២១ ខែមករា ឆ្នាំ ២០២៣ អត្រាចាក់វ៉ាក់សាំងកូវីដ-១៩នៅប្រទេសកម្ពុជា បានកើនដល់៩៥,៣៤% ធៀបជាមួយនឹងប្រជាពលរដ្ឋ១៦លាននាក់ ៕អត្ថបទ៖ ឈឹម មករា