ប៉ាគីស្ថាន៖ ភាគច្រើននៃអ្នកស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងទីក្រុង Peshawar ប្រទេសប៉ាគីស្ថានគឺជានគរបាល។ អ្នករបួសបានកើនឡើងដល់ ២២៥នាក់។
មន្ត្រីវេជ្ជសាស្ត្រមួយរូបបាននិយាយថា ចំនួនអ្នកស្លាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាត នៅព្រះវិហារអ៊ីស្លាមមួយកន្លែងក្នុងភាគពាយព្យនៃទីក្រុង Peshawar ប្រទេសប៉ាគីស្ថានបានកើនឡើងដល់ ១០០នាក់។ ខណៈប្រទេសនៅអាស៊ីខាងត្បូងមួយនេះប្រឈមនឹងហានិភ័យសន្តិសុខ ដែលចេះតែកើនឡើងពីក្រុមប្រដាប់អាវុធ។ លោក Mohammad Asim អ្នកនាំពាក្យមន្ទីរវេជ្ជសាស្ត្រដ៏ធំបំផុតក្នុងទីក្រុងនេះ បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា សាកសពចំនួន ១០០នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Lady Reading Hospital,”។ លោក Kashif Aftab Abbasi ប្រធានប្រតិបត្តិការនគរបាលនៅក្នុងទីក្រុង Peshawar បានប្រាប់សារព័ត៌មាន Al Jazeera ថា មនុស្សជាង ២២៥នាក់បានរងរបួសក្នុងការបំផ្ទុះនោះ។
ក្រុមអាជ្ញាធរបាននិយាយថា ដំបូលអគារព្រះវិហារដែលស្ថិតនៅខាងក្នុងបរិវេណ មានការយាមកាមសន្តិសុខដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាល បានបាក់រលំដោយសារការបំផ្ទុះគ្រាប់បែក ហើយក្រុមអ្នកជួយសង្គ្រោះបានកាយកម្ទេចថ្ម ដើម្បីស្វែងរកសាកសព។ ការវាយប្រហារនេះគឺជាហេតុការណ៍ដ៏ធំបំផុតនៅក្នុងទីក្រុង Peshawar ក្នុងរយៈពេលមួយទសវត្សរ៍មកនេះ និងបានកើតឡើងអំឡុងមានអំពើហិង្សាកើនឡើងខ្លាំងដាក់គោលដៅលើនគរបាល៕ អត្ថបទ៖ សុខមាន

