ភ្នំពេញ៖ តាមការបញ្ជាក់ពីមន្ត្រីបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹង នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ជនរងគ្រោះម្នាក់ទៀតដែលរងរបួសធ្ងន់ធ្ងរក្នុងហេតុការណ៍គ្រោះអគ្គីភ័យនៅខណ្ឌទួលគោកម្សិលមិញបានស្លាប់ហើយនៅព្រឹកនេះ បើទោះបីជាក្រុមគ្រូពេទ្យខិតខំជួយសង្រ្គោះក៏ដោយ។
មន្ត្រីបញ្ជាក់ថា ដូច្នេះហេតុការគ្រោះអគ្គីភ័យនេះធ្វើឲ្យមនុស្សស្លាប់ចំនួន០៣នាក់។
ជនរងគ្រោះដែលស្លាប់ក្នុងគ្រោះអគ្គីភ័យនេះ ទី១.ឈ្មោះ កែម កូលីន ភេទប្រុស អាយុ៤២ ឆ្នាំ មុខរបរលក់កាហ្វេ មានស្រុកកំណើតនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ស្លាប់នៅកន្លែងកើតហេតុ ទី២.ឈ្មោះ ធឹម ផល ភេទស្រី អាយុ២៨ឆ្នាំ មុខរបរជាអ្នករត់តុ មានស្រុកកំណើតនៅភូមិក្រាំងឬស្សី ឃុំមហាឬស្សី ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ បានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងទី៣ ឈ្មោះ សេង សំអាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាអ្នករត់តុ មានស្រុកកំណើតនៅភូមិកោះកាពិ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង បានរងរបួសរលាកភ្លើងធ្ងន់ធ្ងរ និងស្លាប់ពេលបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបាន១យប់។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ មានហេតុការណ៍អគ្គីភ័យមួយបានឆាបឆេះទីតាំងហាងកំពុងជួសជុលមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវលេខ១៣៨ កែងនឹងផ្លូវលេខ២៣៣ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ទីតាំងដែលឆាបឆេះ គឺជាហាងដែលកំពុងជួសជុលធ្វើជាប្រភេទ ផាប់ នាពេលរាត្រី ដោយសង់នៅជាប់នឹងហាងមួយយីហោ « កន្លែងថ្មី » ដែលជាហាងមានម្ចាស់រួមតែមួយ ៕ អត្ថបទ៖ កុម្ភះ






