អ៊ីស្រាអែល៖ ប្រមុខការទូតសហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់មជ្ឈិមបូព៌ាដោយគ្មានលទ្ធផល ក្នុងការបន្ធូរបន្ថយភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយនិយាយថា វាអាស្រ័យទៅលើពួកគេតែប៉ុណ្ណោះក្នុងការបញ្ចប់អំពើហិង្សា ប៉ុន្មានថ្ងៃក្រោយការបង្ហូរឈាម។

លោក Blinken បាននិយាយថា លោកបានស្ដាប់លឺក្ដីបារម្ភដ៏ជ្រាលជ្រៅអំពីស្ថានភាពបច្ចុប្បន្ន អំឡុងជំនួបប្រជុំនៅក្នុងប្រទេសអ៊ីស្រាអែល និងតំបន់ West Bank គ្រប់គ្រងដោយអ៊ីស្រាអែល ប៉ុន្តែស្ថានភាពជ្រុលហួសពីការអំពាវនាវឲ្យបន្ធូរបន្ថយភាពតានតឹង ដែលលោកបានសំដៅដល់ការគ្មានការផ្ដួចផ្ដើមគំនិតថ្មីពីសហរដ្ឋអាមេរិក។ ថ្លែងនៅសន្និសីទសារព័ត៌មាននៅក្នុងទីក្រុង Jerusalem លោក Blinken បាននិយាយថា លោកបានលឺគំនិតជាក់លាក់មួយចំនួនពីអ៊ីស្រាអែល និងប៉ាឡេស្ទីន ប៉ុន្តែបានបន្ថែមថា វាអាស្រ័យទៅលើរដ្ឋទាំង២ នេះខ្លួនឯងប៉ុណ្ណោះ។ ពួកគេត្រូវតែធ្វើការរួមគ្នាស្វែងរកច្រក ឆ្ពោះទៅការកាត់បន្ថយភាពតានតឹងទាំងសងខាងនៃអំពើហិង្សាជាបន្តបន្ទាប់ថ្មីៗនេះ ហើយលោកក៏បានសង្ឃឹមផងដែរថា នឹងឈានឆ្ពោះទៅរកជំហានវិជ្ជមានដើម្បីកសាងទំនុកចិត្តលើគ្នាឡើងវិញ។
ដំណើរទស្សនកិច្ចដែលបានបញ្ចប់នៅក្នុងប្រទេសអេហ្ស៊ីបមានផែនការជាយូរមកហើយ ប៉ុន្តែលោកបានទៅដល់មជ្ឈិមបូព៌ាចំពេលស្ថានការណ៍ក្ដៅគគុកបានផ្ទុះឡើងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ក្រោយជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu នៅក្នុងទីក្រុង Jerusalem កាលពីថ្ងៃចន្ទលោក Blinken បានធ្វើដំណើរទៅទីក្រុង Ramallah ក្នុងតំបន់ West Bank កាលពីថ្ងៃអង្គារ និងបានជួបពិភាក្សាជាមួយមេដឹកនាំប៉ាឡេស្ទីនលោក Mahmoud Abbas និងនាយករដ្ឋមន្ត្រីរបស់លោកគឺលោក Mohammad Shtayyeh៕
អត្ថបទ៖ សុខមាន