ស៊ីហ្គេម៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ បានជំរុញក្រុមហ៊ុនសាងសង់ភូមិកីឡាត្រូវពន្លឿនការសាងសង់ឲ្យបានទាន់ពេលវេលា និងត្រូវប្រគល់ត្រឹមចុងខែមីនា ដើម្បីធានាបាននូវការរៀបចំរួចរាល់សម្រាប់ទទួលស្វាគមន៍ប្រតិភូ និងអត្តពលិកប្រមាណ ៧ពាន់នាក់ដែលត្រូវស្នាក់នៅ និងហូបចុកនៅទីនោះ ដើម្បីចូលរួមការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។
ការជំរុញនេះធ្វើឡើងក្នុងកិច្ចប្រជុំនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២៣ នេះ បន្ទាប់ពីសម្ដេចពិជ័យសេនា ទៀ បាញ់ អមដំណើរដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ព្រមទាំងប្រតិភូ និងគណៈកម្មការពាក់ព័ន្ធបានចុះត្រួតពិនិត្យទីតាំងជាក់ស្ដែងនៃការសាងសង់ភូមិកីឡា និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានបញ្ជាក់ថា បន្ទាប់ពីពិធីរាប់ថយក្រោយ ១០០ថ្ងៃគឺជាពេលវេលាត្រូវរន្ថើន និងពន្លឿនគ្រប់ការងារសេសសល់ ពិសេសការសាងសង់ភូមិកីឡា ដោយសម្ដេចពិជ័យសេនា បានជំរុញឲ្យគណៈកម្មការស្នាក់នៅ ហូបចុក និងដឹកជញ្ជូនត្រូវធ្វើការងារជាប់ជាមួយក្រុមហ៊ុនសាងសង់ ពោលគឺត្រូវតាមដាន និងផ្ដល់យោបល់រាល់ថ្ងៃ ដើម្បីធានាបាននូវការសាងសង់ភូមិកីឡាតាមការកំណត់។
ឯកឧត្តមបន្ដថា ភូមិកីឡានឹងត្រូវទទួលស្វាគមន៍ប្រតិភូកីឡាយ៉ាងហោច ៦ពាន់នាក់ក្នុងចំណោមជាង ៧ពាក់នាក់ ដែលត្រូវមកចូលរួមប្រកួតស៊ីហ្គេមនៅកម្ពុជា ហើយអត្តពលិកផ្សេងទៀត ខ្លះត្រូវប្រកួតតាមខេត្ត និងស្នាក់នៅតាមសណ្ឋាគារនានា។ ប៉ុន្ដែបច្ចុប្បន្នភូមិកីឡាទើបទទួលបានជាង ១,៨៣០គ្រែ និងខែកុម្ភៈនឹងទទួលបានជាង ២ពាន់គ្រែង ហើយខែមីនាដែលជាខែចុងក្រោយត្រូវទទួលគ្រប់ជាង ៦ពាន់គ្រែ។ ដូច្នេះការងារនេះត្រូវបានយកចិត្តទុកដាក់ខ្ពស់ ប្រសិនបើមិនទាន់ពេលវេលានឹងមានហានិភ័យខ្ពស់។ យ៉ាងណាមិញអ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមហ៊ុន World Bridge Sport Village ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិសាងសង់បានអះអាង និងផ្ដល់សក្ខីកម្មជាថ្មី ដោយសន្យានឹងពន្លឿនការសាងសង់ឲ្យបានរួចរាល់តាមផែនការ ដ្បិតបច្ចុប្បន្នកម្លាំងកម្មករជិត ៣ពាន់នាក់ត្រូវបានសម្រុកចូលសាងសង់ភូមិកីឡា ហើយសង្ឃឹមថានឹងរួចរាល់ ក៏ដូចជាប្រគល់ជូនគណៈកម្មាធិការជាតិ CAMSOC នៅចុងខែមីនាខាងមុខ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន៕ អត្ថបទ៖ លី ឈុនឡា




