កីឡាជាតិ៖ ដោយទទួលបានជំនួយពីអង្គការសាមគ្គីអូឡាំពិក តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយស្ថាប័នអត្តពលកម្មពិភពលោក World Athletics និងសហព័ន្ធខ្មែរកីឡាអត្តពលកម្មបានបន្ដរៀបចំគម្រោងសាមគ្គីអូឡាំពិក ស្តីពីការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាអត្តពលកម្ម ដើម្បីជំរុញការរៀបចំប្រព័ន្ធគ្រប់គ្រង ដឹកនាំ និងអភិវឌ្ឍន៍វិស័យកីឡាអត្តពលកម្មមួយនេះឲ្យរីកចម្រើន ស្របតាមស្ដង់ដារត្រឹមត្រូវ។
លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃអង្គារថា គម្រោងនេះមានរយៈពេល ១ឆ្នាំ គិតចាប់ពីខែសីហា ឆ្នាំ២០២២ ដល់ចុងខែកក្កដា ឆ្នាំ២០២៣។ ប៉ុន្ដែនេះជាលើកទី២ ហើយដែលអ្នកជំនាញអន្ដរជាតិលោក Oliver Scheer បានធ្វើទស្សនៈកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែមករា ក្នុងគោលបំណងដើម្បីរៀបចំសិក្ខាសាលាស្តីពីវាយតម្លៃរចនាសម្ព័ន្ធ/យុទ្ធសាស្ត្រគម្រោង និងរៀបចំប្រព័ន្ធនៃការបង្វឹកដោយសហការជាមួយសហព័ន្ធ។ មន្ដ្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបន្ថែមថា គម្រោងនេះគឺមានសារៈសំខាន់ណាស់ មិនត្រឹមតែសហព័ន្ធខ្មែរកីឡាអត្តពលកម្មនោះទេ គឺផ្ដល់អត្ថប្រយោជន៍ជារួម ដែលសហព័ន្ធកីឡាជាតិដទៃក៏អាចយកទៅអនុវត្តបានដែរ ដើម្បីធានាបាននូវការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង ដឹកនាំ និងអភិវឌ្ឍន៍កីឡានីមួយៗឲ្យកាន់តែរីកចម្រើន ស្របតាមគោលការណ៍កីឡាអន្ដរជាតិ។ យ៉ាងណាមិញលោកថា ប្រសិនបើគម្រោងនេះទទួលបានជោគជ័យ NOCC គ្រោងនឹងស្នើសុំអង្គការសាមគ្គីអូឡាំពិក ដើម្បីរៀបចំដល់សហព័ន្ធកីឡាផ្សេងៗទៀតផងដែរ។ ទន្ទឹមជាមួយគ្នាលោក Oliver Scheer បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការ និងការចូលរួមរបស់ថ្នាក់ដឹកនាំ ក៏ដូចជាភាគីពាក់ព័ន្ធរបស់សហព័ន្ធដែលជំរុញឲ្យគម្រោងសាមគ្គីអូឡាំពិក ស្តីពីការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាអត្តពលកម្ម ដែលផ្ដោតសំខាន់លើប្រភេទកីឡាអូឡាំពិកនេះ ដំណើរការដោយរលូន និងប្រកបដោយផ្លែផ្កា។ លោកសង្ឃឹមថា តាមរយៈគម្រោងនេះនឹងរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាអត្តពលកកម្ពុជានាថ្ងៃអនាគត ពិសេសស្របតាមផែនការអភិវឌ្ឍន៍ឆ្នាំ២០៣០ របស់សហព័ន្ធតែម្ដង៕
អត្ថបទ៖ លី ឈុនឡា