បាល់ទាត់៖ ក្រុមបាល់ទាត់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបន្ថែម ៣ពិន្ទុទៀតហើយក្នុងការប្រកួតជុំទី២ ពូល F នៃពានរង្វាន់មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័នលើកទី៨ ឆ្នាំ២០២៣ ក្រោយយកឈ្នះក្រុមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយលទ្ធផល ១-០ កាលពីថ្ងៃទី៣១ ខែមករាម្សិលមិញ។
ជំនួបនៅទីលាន The Blue Sports Arena នេះ ក្រុមទាំងពីរធ្វើបានយ៉ាងល្អរៀងៗខ្លួនដែលស្ទើរតែគ្មានគ្រាប់បាល់កើតឡើងនោះទេ គ្រាដែលគ្រាប់បាល់ជ័យជម្នះរបស់ក្រុមគណៈមេធាវី គឺជាគ្រាប់បាល់ភ្លាត់ចូលទីខ្លួនឯងដែលបង្កកំហុសដោយខ្សែកាករពារក្រុមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កីឡាករ វ៉ា ផារិទ្ធ នៅនាទី១៣ ហើយបានរក្សាដល់ចប់ការប្រកួតពេញម៉ោងតែម្ដង។
ជ័យជម្នះនេះនាំឲ្យក្រុមគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បន្ដឈរកំពូលតារាងពូល F និងរកបាន ៦ពិន្ទុពេញ បន្ទាប់ពីទទួលបានជ័យជម្នះ ២ប្រកួតផ្ទួនៗនៃពានរង្វាន់មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័នលើកទី៨។ រីឯក្រុមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានធ្លាក់មកឈរលេខ៣ ក្នុងពូលដោយរក្សា ១ពិន្ទុក្នុងដៃស្មើក្រុមធនាគារជាតិនៃកម្ពុជាដដែល៕
អត្ថបទ៖ លី ឈុនឡា