អាមេរិក៖ រដ្ឋបាលរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ត្រូវគេរាយការណ៍ថា បានចោទប្រកាន់រុស្ស៊ីពីបទបំពានការអនុវត្តសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ ដែលនៅសល់ចុងក្រោយរវាងប្រទេសទាំង២ ដោយការបិទការធ្វើត្រួតពិនិត្យនៅលើទីតាំង។
សារព័ត៌មាន Wall Street Journal បានរាយការណ៍ថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានដាក់ការចោទប្រកាន់នេះ ដែលក្លាយជាការអះអាងលើកដំបូងពីសហរដ្ឋអាមេរិកថា ទីក្រុង Moscow បានបំពានការអនុវត្តសន្ធិសញ្ញា New START នៅក្នុងរបាយការណ៍មួយដែលបានផ្ញើទៅកាន់សភាកាលពីថ្ងៃអង្គារ។ របាយការណ៍ដដែលនេះក៏បានអះអាងផងដែរថា ក្រុមមន្ត្រីរុស្ស៊ីបានច្រានចោលសំណើរបស់សហរដ្ឋអាមេរិកជួបគ្នា ដើម្បីដោះស្រាយក្ដីកង្វល់ជុំវិញការអនុវត្តសន្ធិសញ្ញានេះ។ ក្រសួងការបរទេសអាមេរិកបាននិយាយ នៅក្នុងសេចក្ដីថ្លែងការណ៍មួយទៅកាន់សារព័ត៌មាន Reuters ថា ការច្រានចោលសកម្មភាពត្រួតពិនិត្យនៅលើទីតាង រារាំងសហរដ្ឋអាមេរិកមិនឲ្យប្រើប្រាស់សិទ្ធិសំខាន់ក្រោមសន្ធិសញ្ញានេះ និងគំរាមកំហែងដល់លទ្ធភាពជោគជ័យ នៃការគ្រប់គ្រងអាវុធនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងរុស្ស៊ី។
ជម្លោះនេះអាចនឹងបន្ថែមលើក្ដីកង្វល់ដែលថា មហាអំណាចនុយក្លេអ៊ែរទាំង២ របស់ពិភពលោកលែងអាចធ្វើការជាមួយគ្នាទៀតលើគោលដៅមិនរីកសាយអាវុធ ស្របពេលទំនាក់ទំនងរវាងទីក្រុង Washington និង Moscow កំពុងធ្លាក់ដល់ចំណុចសូន្យ។ វិមានក្រឹមឡាំងបាននិយាយកាលពីដើមខែនេះថា ទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ីអាចយ៉ាប់យ៉ឺនគ្រប់ពេលវេលា និងពុំមានសង្ឃឹមថានឹងធូរស្រាលឡើយ ខណៈទីក្រុង Washington បានធ្វើអន្តរាគមន៍ប្រឆាំងរុស្ស៊ីនៅក្នុងវិបត្តិអ៊ុយក្រែន៕
អត្ថបទ៖ សុខមាន