ភ្នំពេញ៖ បេក្ខជនយ៉ាងច្រើនកុះករមកពីគ្រប់រាជធានីខេត្ត នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ បាននាំគ្នាសម្រុកទៅដាក់ ប្រឡងចូលក្របខណ្ឌកងទ័ព ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យការពារជាតិ នៃក្រសួងការពារជាតិ បន្ទាប់ពីខកខានអស់រយៈពេលប៉ុន្មានឆ្នាំ ដោយសារបញ្ហាការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។
លោកឧត្តមសេនីយ៍ឯក ខៀវ សុផាត នាយករងនាយកដ្ឋានបុគ្គលិក នៃក្រសួងការពារជាតិ បានលើកឡើងថា ការទទួលពាក្យប្រឡងចូលក្របខណ្ឌនេះ មានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈការប្រឡងនឹងប្រព្រឹត្តិទៅនៅខែមីនា ឆ្នាំ២០២៣ ក្នុងរាជធានីភ្នំពេញ ។
លោកឧត្តមសេនីយ៍ឯក បានបន្តថា ក្រោយពីខកខានការជ្រើសរើសនោះ គឺឆ្នាំនេះមានបេក្ខជនមកដាក់ពាក្យប្រឡងច្រើន ចាប់ពីអាយុ១៨ឆ្នាំ ដល់២៥ឆ្នាំ ហើយក្រសួងការពារជាតិ នឹងប្ដេជ្ញាថា ធ្វើឲ្យការប្រឡងនេះ ប្រព្រឹត្តិទៅដោយតម្លាភាព យុត្តិធម៌ និងដោយរលូន ។
នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ មានប្រសាសន៍ថា ការចាប់ផ្ដើមជ្រើសរើសបេក្ខជនចូលរួមក្របខណ្ឌ ក្នុងកងយោធពលខេមរភូមិន្ទឡើងវិញនេះ បានបង្ហាញពីការជោគជ័យរបស់កម្ពុជា លើការងារគ្រប់គ្រងជំងឺកូវីដ-១៩ ។
គួរបញ្ជាក់ថា នៅឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតដល់ក្រសួងការពារជាតិ ប្រកាសទទួលពាក្យប្រឡងជ្រើសរើសបេក្ខជនចូលក្របខណ្ឌកងទ័ព ប្រមាណ៦០០នាក់ ដើម្បីបម្រើការងារនៅអង្គភាពផ្សេងៗ ៕អត្ថបទ បាន សុខរិទ្ធិ







