កំពង់ធំ៖ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យស្ថានភាពការបង្កបង្កើនផលដំណាំស្រូវឡើងវិញរបស់បងប្អូនប្រជាកសិករ ក្រោយទទួលរងផងប៉ះពាល់ដោយសារទឹកជំនន់ នៅសង្កាត់អូរគន្ធរត្បូង ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ក្នុងពេលចុះពិនិត្យឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានឲ្យដឹងថា តបតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីស្តីពីការត្រួតពិនិត្យលើផលប៉ះពាល់ដំណាំស្រូវ និងដំណាំរួមផ្សំ ដែលខូចខាតដោយសារទឹកជំនន់គឺចាំបាច់ត្រូវពន្លឿន និងជំរុញនៃការបង្កបង្កើនផលរបស់ប្រជាកសិករក្នុងគ្រួសារនីមួយៗ ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ថ្លែង ថា បេសកកម្ម ចុះពិនិត្យការស្តារឡើងវិញនាពេលនេះ សង្កេតឃើញថាលើផ្ទៃដីស្រែស្តារឡើងវិញទទួលបានផលល្អ និងយ៉ាងហោចណាស់ក្នុងមួយគ្រួសារជាមធ្យមទទួលបានផលចំនួនពី ៥ទៅ ៦តោន ខណៈកំពង់ធំបានទទួលអំណោយស្រូវពូជចំនួន១០០តោន។
ជាមួយគ្នាប្រជាពលរដ្ឋរស់នៅភូមិភូមិអូរគន្ធរត្បូង បានលើកឡើងថា ក្រោយពីទទួលបានស្រូវពូជ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ពួកគាត់ចាប់ផ្តើមភ្ជួររាស់សាបព្រោះ ដើម្បីបង្កបង្កើនផល និងស្តារជីវភាពឡើងវិញ ក្រោយពីទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ ៕






