បាល់ទាត់៖ ក្លិបអង់គ្លេស Nottingham Forest នៅតែបន្តបើកខ្ទង់ចំណាយនាំចូលកីឡាករថ្មីបន្ថែមទៀត ខណៈថ្ងៃបិទទីផ្សារទិញដូរកីឡាករចុងក្រោយសំរេចបានការនាំចូល ៣នាក់ទៀត។

ខ្សែបម្រើ Newcastle, Jonjo Shelvey បានផ្លាស់មកកាន់ Nottingham Forest ក្នុងតម្លៃផ្ទេរបិទជិតមួយ។ កីឡាករវ័យ ៣០ឆ្នាំដែលបង្ហាញខ្លួនបានតែ ៣ប្រកួតប៉ុណ្ណោះរដូវកាលនេះនៅ Newcastle ក្រោមការដឹកនាំរបស់លោក Eddie Howe នោះបានចុះហត្ថលេខារយៈពេល ២ឆ្នាំកន្លះ។ ជាមួយគ្នានោះដែរ Forest ក៏បាននាំយកខ្សែការពារប្រេស៊ីល Felipe ផងដែរក្នុងកិច្ចសន្យា ១ឆ្នាំ បន្ទាប់ពីមិនសូវបានលេងនៅក្លិបអេស្ប៉ាញ Atletico Madrid។

ចំណែកឯអ្នកចាំទីចាស់វស្សា Keylor Navas បានផ្លាស់ពី PSG មកកាន់ Forest ផងដែរក្នុងកិច្ចសន្យាខ្ចីដើម្បីបំពេញចន្លោះអ្នកចាំទី Dean Henderson ដែលមានរបួសភ្លៅ។ Nottingham Forest ក្នុងខែមករានេះក៏បាននាំយកខ្សែប្រយុទ្ធ Chris Wood ពី Newcastle ផងដែរក្នុងកិច្ចសន្យាខ្ចី រួមជាមួយនឹងខ្សែបម្រើប្រេស៊ីល Danilo ១៦លានផោន និង Gustavo Scarpa ពី Palmeiras៕
អត្ថបទ៖នាង សុភាវុធ