កំពង់ធំ៖ អាជ្ញាធរខេត្តកំពង់ធំបានប្រកាសនៅថ្ងៃនេះពីការរកឃើញស្ត្រី ២នាក់នៅឯស្រុកប្រាសាទសំបូរ បានឆ្លងមេរោគកូវីដ១៩ បន្ទាប់ពីបានចូលរួមដឹកសពបុរសម្នាក់ចេញពីមន្ទីរពេទ្យព្រះកុសមៈនៅរាជធានីភ្នំពេញ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២៤ ខែមេសានេះ របស់រដ្ឋបាលខេត្តកំពង់ធំ បានឱ្យដឹងថា ស្ត្រីម្នាក់អាយុ ៦៤ឆ្នាំ និងស្ត្រីម្នាក់ទៀតអាយុ ២៩ឆ្នាំ ដែលធ្វើការនៅរោងចក្រស៊ីងគង់ ត្រូវបានធ្វើតេស្តរកឃើញឆ្លងមេរោគកូវីដ១៩កាលពីថ្ងៃទី២៣ ខែមេសា។
បើតាមរដ្ឋបាលខេត្តកំពង់ធំ ស្ត្រីទាំង ២នាក់នេះ រស់នៅភូមិតាំងស្ទោង ស្ថិតក្នុងឃុំតាំងក្រសៅ នៃស្រុកប្រាសាទសំបូរ។
រដ្ឋបាលខេត្តកំពង់ធំ បានឱ្យដឹងទៀតថា ស្ត្រីទាំងពីរនាក់នេះ ស្ថិតនៅក្នុងចំណោមមនុស្ស ៥នាក់ផ្សេងទៀតបានចូលរួមដឹកសពបុរសម្នាក់ពីមន្ទីរពេទ្យព្រះកុសមៈ ឬមន្ទីរពេទ្យលោកសង្ឃនៅភ្នំពេញ ត្រឡប់មកស្រុកកំណើតនៅភូមិតាំងស្ទោង កាលពីថ្ងៃទី១៧ ខែមេសា។
រដ្ឋបាលខេត្តកំពង់ធំ បញ្ជាក់ថា សពបុរសម្នាក់ដែលស្លាប់ដោយសារជំងឺលើសឈាម និងមនុស្សទាំង ៧នាក់ដែលដឹកសពបុរសនោះ ត្រូវបានមន្ទីរពេទ្យព្រះកុសមៈពិនិត្យសំណាករួចហើយ ហើយលទ្ធផលបង្ហាញថា មិនមានមេរោគកូវីដ១៩ទេ។
ទោះជាយ៉ាងណា រដ្ឋបាលខេត្តនេះអះអាងថា អាជ្ញាធរមូលដ្ឋានបានដាក់មនុស្សទាំង ៧នាក់នោះ ឱ្យធ្វើចត្តាឡីស័កនៅផ្ទះភ្លាមៗ មុននឹងយកសំណាកនៅថ្ងៃទី២២ ខែមេសា។
រដ្ឋបាលខេត្តកំពង់ធំនិយាយថា លទ្ធផលពិនិត្យសំណាកបង្ហាញថា ស្ត្រី ២នាក់ ត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩ ហើយលទ្ធផលតេស្តមនុស្ស ៥នាក់ទៀត បង្ហាញថា អវិជ្ជមាន ឬមិនមានកូវីដ១៩ទេ។
រដ្ឋបាលខេត្តនេះ បញ្ជាក់ថា ស្ត្រីទាំង២នាក់ខាងលើ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តហើយ ខណៈមនុស្ស ៥នាក់ទៀត ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះដោយខ្លួនឯង។
អាជ្ញាធរខេត្តនេះនិយាយផងដែរថា ខ្លួនកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធដទៃទៀតដើម្បីប្រមូលយកសំណាកមកធ្វើតេស្ត និងធ្វើចត្តាឡីស័កផងដែរ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលទៅក្នុងសហគមន៍កាន់តែខ្លាំង៕
