ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញចេក្ដីថ្លែងការណ៍មួយបញ្ជាក់ថា សហព្រះរាជអាជ្ញា ជា លាង និង Fergal Gaynor ចេញសេចក្តីប្រកាសអំពីការផ្ទេរ ខៀវ សំផន ទៅកាន់ពន្ធនាគារខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ដើម្បីបន្តអនុវត្តទោសជាប់ពន្ធនាគារអស់មួយជីវិត។ ការផ្ទេរនេះបានធ្វើឡើងតាមសំណើរបស់សហព្រះរាជអាជ្ញា សុំអនុវត្តទោសស្របតាមវិធាន ១១៣ នៃវិធានផ្ទៃក្នុង។
សេចក្ដីថ្លែងការណ៍បញ្ជាក់ថា អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ការជួយជ្រោមជ្រែងគ្រប់បែបយ៉ាងជូនសហព្រះរាជអាជ្ញា។ អនុវត្តតាមកាតព្វកិច្ចរបស់ប្រទេសកម្ពុជាស្របតាមច្បាប់ជាតិ និងអន្តរជាតិ សហព្រះរាជអាជ្ញា ក្រោមកិច្ចសហការជាមួយអគ្គនាយកដ្ឋានពន្ធនាគារ បានចាត់វិធានការដើម្បីធានាថា លក្ខខណ្ឌនៃការឃុំខ្លួន ខៀវ សំផន មានលក្ខណៈសមរម្យសម្រាប់បុគ្គលជាមនុស្សចាស់ជរា ពិបាកចល័តទី និងមានបញ្ហាសុខភាព។
ដំណើរការផ្ទេរ បានឆ្លងកាត់ការពិភាក្សា និងក្រោយពីទទួលបានការបញ្ជាក់ធានាពីអគ្គនាយកដ្ឋានពន្ធនាគារ ព្រមទាំងពេលសហព្រះរាជអាជ្ញា បានចុះពិនិត្យពន្ធនាគារខេត្តកណ្តាលជាច្រើនលើកច្រើនសា។ សហព្រះរាជអាជ្ញាក៏បានដឹងផងដែរថា គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម បានធ្វើការចុះត្រួតពិនិត្យពន្ធនាគារទូទាំងប្រទេសកម្ពុជាជាទៀងទាត់ ក្នុងនោះរួមទាំងពន្ធនាគារខេត្តកណ្តាលផងដែរ។
បើតាមសេចក្ដីថ្លែងថា ខៀវ សំផន បានកាន់មុខតំណែងជាន់ខ្ពស់ក្នុងមុខនាទីជាច្រើនខុសៗគ្នានៅក្នុងបក្សកុម្មុយនីស្តកម្ពុជា (“ប.ក.ក”) ឬ “របបខ្មែរក្រហម” និងនៅក្នុងរដ្ឋកម្ពុជាប្រជាធិបតេយ្យ។ មុខនាទីលេចធ្លោជាងគេ ក្នុងមុខនាទីជាគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលត្រូវបានចាត់ទុកថាជាមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ។
សេចក្ដីថ្លែងការណ៍បញ្ជាក់ថា ខៀវ សំផន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៧ យកមកឃុំខ្លួនក្រោមសមត្ថកិច្ចនៃសហចៅក្រមស៊ើបអង្កេត ចំពោះបទចោទចូលរួមក្នុងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហម។ ក្រោយការស៊ើបអង្កេតពេញលេញ សហចៅក្រមស៊ើបអង្កេត បានសម្រេចបញ្ជូនទៅជំនុំជម្រះជម្រះ។ ក្រោយពិនិត្យឃើញស្ថានទម្ងន់បទឧក្រិដ្ឋ ដែលបានប្រព្រឹត្តឡើង និងវ័យចាស់ជរារបស់ជនជាប់ចោទ ការចោទប្រកាន់លើ នួន ជា និង ខៀវ សំផន ត្រូវបានបំបែកជាពីរការជំនុំជម្រះពីរដោយឡែកពីគ្នា។
ការកាត់ក្តីវគ្គដំបូងក្នុងសំណុំរឿង ០០២/០១ បានចាប់ផ្តើមកាលពីខែវិច្ឆិកា ឆ្នាំ២០១១ និងបានបញ្ចប់កាលពីខែកក្កដា ឆ្នាំ២០១៣។ អង្គជំនុំជម្រះសាលាដំបូងបានចេញសាលក្រមកាលពីខែសីហា ឆ្នាំ២០១៤ ដោយសម្រេចឱ្យ នួន ជា និង ខៀវ សំផន មានពិរុទ្ធភាពពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិក្រោមបទធ្វើទុក្ខបុកម្នេញ មនុស្សឃាត និងអំពើអមនុស្សធម៌ផ្សេងៗទៀត ដែលត្រូវបានប្រព្រឹត្តក្នុងអំឡុងពេលការជម្លៀសប្រជាជនស៊ីវិលដោយបង្ខំចេញពីទីក្រុងភ្នំពេញ និងទីប្រជុំជនផ្សេងទៀត។
ជនជាប់ចោទទាំងពីរត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ដោយសារតួនាទីរបស់ពួកគេនៅក្នុងឧក្រិដ្ឋកម្មទាំងនេះ។ នៅក្នុងដំណើរការបណ្តឹងសាទុក្ខ ទោសជាប់ពន្ធនាគារអស់មួយជីវិតត្រូវបានអង្គជំនុំជម្រះតុលាការកំពូលសម្រេចតម្កល់កាលពីខែវិច្ឆិកា ឆ្នាំ២០១៦៕

