សៀមរាប៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានប្រកាសបើកប្រតិបត្តិការបោសម្អាតមីនក្នុងគម្រោងមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ ដែលនឹងអនុវត្តក្នុងខេត្តកំពង់ធំ ប៉ៃលិន ព្រះវិហារ ពោធិ៍សាត់ និងខេត្តសៀមរាប ជាមួយនឹងផែនការរំដោះផ្ទៃដីចំនួន១ម៉ឺនហិកតា។
ក្នុងពិធីប្រកាសបើកគម្រោងបោសសម្អាតមីនបន្តទៀត នៅឯខេត្តសៀមរាប ឯកឧត្ដម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា កម្លាំងប្រតិបត្តិការក្នុងគម្រោងមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ នឹងអនុវត្តក្នុងខេត្តកំពង់ធំ ប៉ៃលិន ព្រះវិហារ ពោធិ៍សាត់ និងខេត្តសៀមរាប ជាមួយនឹងផែនការរំដោះផ្ទៃដីចំនួនជាង ១ម៉ឺហិកតា និងមានកម្លាំងជំនាញនានារបស់អង្គភាពស៊ីម៉ាក់ ចំនួនជិត៦០០នាក់ ក្នុងនោះមានសុនខហិតមីន ចំនួន១៣ក្រុម កងអនុសេនាតូចគ្រឿងចក្រ ចំនួន២១កង និងក្រុមស្រាវជ្រាវ និងបោសសម្អាតមីន ចំនួន៣៦ក្រុម។
ឯកឧត្ដម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃកម្ពុជា ដែលបានបង្កើតមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ និងបានអនុម័តកញ្ចក់ថវិកាផ្តល់មកអង្គភាពស៊ីម៉ាក់ ដើម្បីធ្វើការបោសសម្អាតមីនលើផ្ទៃដីដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន ដើម្បីធ្វើយ៉ាងណាឱ្យសម្រេចបានគោលដៅកម្ពុជាអស់មីនឆ្នាំ២០២៥ និងប្រែក្លាយទឹកដីសុវណ្ណភូមិមួយនេះឱ្យរួចចាកផុតពីគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអាជ្ញាធរមីន ដែលបានសម្របសម្រួល និងគាំទ្រកិច្ចប្រតិបត្តិការរបស់អង្គភាពស៊ីម៉ាក់ ៕ អត្ថបទ៖ ឈិត សាវី

