ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ទំនាក់ទំនងការទូតផ្លូវការណ៍រវាង កម្ពុជា-ជប៉ុន បានវិវត្តពីកម្រិត «ដៃគូយុទ្ធសាស្ត្រ» នៅឆ្នាំ២០១៣ ទៅជាកម្រិត «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ក្នុងឆ្នាំ២០២៣នេះ ស្របពេលឆ្នាំនេះជាខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងពេលអនុញ្ញាតឱ្យ ឯកឧត្តម អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
សម្ដេច បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។
សម្តេចបានកត់សម្គាល់ដោយសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ដែលបានវិវត្តពីកម្រិត “ដៃគូយុទ្ធសាស្ត្រ” នៅឆ្នាំ២០១៣ ទៅជាកម្រិត “ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ក្នុងឆ្នាំ២០២៣នេះ ស្របពេលនឹងការប្រារព្វខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន។
សម្ដេចថ្លែងក្នុងនាមប្រធានព្រឹទ្ធសភា ក៏ដូចជាប្រជាជនកម្ពុជា បានសម្តែងនូវការអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតជាផ្លូវការរវាងកម្ពុជា-ជប៉ុន និងការដំឡើងកម្រិតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុនទៅជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី បានសម្តែងនូវសេចក្តីរីករាយដែលបានមកបំពេញ បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទសមួយមានប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយ និងមានវប្បធម៌ដ៏សម្បូបែប មានប្រាសាទអង្គរវត្ត ជាបេតិកភ័ណ្ឌពិភពលោក។
ឯកឧត្តមឯកអគ្គរាជទូតបញ្ជាក់ថា ប្រទេសទាំងពីរ ជប៉ុន-កម្ពុជាបានកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានការជឿទុកចិត្តគ្នា តាមរយៈដំណើរការស្វែងរកសន្តិភាព និងកសាងប្រទេសឡើងវិញ។ ឆ្នាំ២០២៣នេះ ប្រទេសទាំងពីរប្រារព្ធខួបអនុស្សាវរីយលើកទី៧០នៃទំនាក់ទំនងការទូត ដោយបានដំឡើងពីកម្រិតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ពីកម្រិត ដៃគូរយុទ្ធសាស្ត្រទៅជា ដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕អត្ថបទ៖ បាន ចក់