ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១ ខែកុម្ភៈនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្នែកសេវាកម្មកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ ប្រមាណជាង ៣០០នាក់ នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងពិធីនោះ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន មានប្រសាសន៍ថា នៅពេលបច្ចុប្បន្នគ្រប់ក្រសួង ស្ថាប័នជំនាញ បាននិងកំពុងរៀបចំគោលនយោបាយបង្កើនការលើកកម្ពស់សិទ្ធ និងការងារអ្នកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យមានសិទ្ធ មានការងារ និងទទួលបានអត្ថប្រយោជន៍ស្មើគ្នាដូចគ្នានឹងអ្នកបម្រើការងារសេដ្ឋកិច្ចក្នុងប្រព័ន្ធដែរ។
លោកជំទាវកិត្តិសង្គហបណ្ឌិតបន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាល ក្រៅពីរៀបចំគោលនយោបាយពង្រីកការផ្តល់បណ្ណបេឡាជាតិសន្តិសុខសង្គម ឬផ្តល់បណ្ណ ប.ស.ស ជូនអ្នកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងគោលនយោបាយផ្តល់អត្ថប្រយោជន៍នានាទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានផ្តល់មេធាវីការពារក្តីជូនអ្នកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធជាពិសេសសម្រាប់ស្ត្រីក្រីក្រ និងក្មេងស្រីនានា ឲ្យរួចផុតពីការប្រើប្រាស់អំពើហឹង្សា និងរំលោភបំពានសិទ្ធផ្សេងៗថែមទៀត។
ក្នុងពិធីនោះដែរ ឯកឧត្តម ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញបានឱ្យដឹងថា ក្នុងរយៈពេល ១២ខែក្នុងឆ្នាំ២០២២ រាជធានីភ្នំពេញមានទេសចរជាតិអន្តរជាតិសរុប ៣លាន ៥សែននាក់ មានការកើនឡើង ១៥៤% ធៀបឆ្នាំ២០២១ និងរុញច្រានឲ្យអាជីវកម្មជាច្រើនប្រភេទកំពុងបើកដំណើរការជាធម្មតា ក្នុងនោះអាជីវកម្មសេវាកម្សាន្តទេសចរណ៍មនុស្សពេញវ័យបានបើកដំណើរការចំនួន២០៩អា ជីវកម្ម ក្នុងនោះមានអាជីវកម្មខារ៉ាអូខេ ចំនួន១៤១អាជីវកម្ម, អាជីវកម្មក្លឹបកម្សាន្តឌីស្កូតែកចំនួន៣១អា ជីវកម្ម និងបៀរហ្កាឌិនចំនួន៣៧អាជីវកម្ម ដែលមានបុគ្គលិកបម្រើការងារក្នុងប្រព័ន្ធចំនួន ៤,៩០៧នាក់ និងបុគ្គលិកបម្រើការងារក្រៅប្រព័ន្ធចំនួនរាប់សិបម៉ឺននាក់៕ អត្ថបទ៖ ស៊ុម សុខជា