
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានប្ដេជ្ញារួមចំណែកចូលរួមរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ និងបន្សល់នូវអនុស្សាវរីយ៍ដ៏ល្អ សម្រាប់ភ្ញៀវទេសចរ ពិសេសសម្រាប់ម្ចាស់ផ្ទះកម្ពុជា ដែលទើបទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាប្រចាំតំបន់លើកដំបូង ក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំ ។
ការលើកឡើងនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការជ្រើសរើសអ្នកស្ម័គ្រចិត្តព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅរសៀលថ្ងៃទី០១ ខែកុម្ភៈនេះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ផងដែរ។
ឯកឧត្តម ហ៊ុន ម៉ានី បានផ្ដល់អនុសាសន៍ ៣ចំណុច ដើម្បីរួមចំណែកក្នុងការងាររៀបចំស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក្នុងនាម ស.ស.យ.ក គឺជាដៃគូរបស់គណៈកម្មការជំនាញចំនួន៣ ពិសេសឯកឧត្តមបានសង្កត់ធ្ងន់លើអ្នកស្ម័គ្រចិត្ត ដែលក្រៅពីការងារសម្របសម្រួលឲ្យដំណើរការប្រកួតប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ពួកគេក៏ជាយុវជនសុច្ឆន្ទៈ ដើម្បីផ្សព្វផ្សាយពីសក្ដានុពល និងបច្ចុប្បភាពរបស់កម្ពុជាផងដែរ។
ទន្ទឹមជាមួយគ្នា ឯកឧត្តមបណ្ឌិត ថោង ខុន បានថ្លែងអរអំណរគុណ ថ្នាក់ដឹកនាំ និងក្រុមការងារយុវជន ស.ស.យ.ក ទាំងអស់ ដែលបានចូលរួមជាមួយគណៈកម្មការអ្នកស្ម័គ្រចិត្ត ដើម្បីផ្ដល់នូវយុវជនស្ម័គ្រចិត្តប្រកបដោយឆន្ទៈ សម្រាប់ចូលរួមរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ ដ្បិតអ្នកស្ម័គ្រចិត្ត គឺជា DNA ដ៏សំខាន់ ដើម្បីជំរុញការរៀបចំ និងការប្រកួតឲ្យទទួលបានជោគជ័យ។
គួរដឹងថា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ កម្ពុជាត្រូវការកម្លាំងអ្នកស្ម័គ្រចិត្តប្រមាណ ៧ពាន់នាក់ សម្រាប់បម្រើឲ្យការងារផ្សេងៗ ជាមួយគណៈកម្មការជំនាញទាំង ១៤ របស់ CAMSOC ពិសេសគណៈកម្មការអ្នកស្ម័គ្រចិត្ត។
បច្ចុប្បន្នគណៈកម្មការអ្នកស្ម័គ្រចិត្តមានជនបង្គោលប្រមាណ ៥០០នាក់ហើយ មុនបើកទទួលអ្នកស្ម័គ្រចិត្តឲ្យចុះឈ្មោះ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ រហូតដល់ថ្ងៃទី០១ ខែមីនាខាងមុខ។ អ្នកស្ម័គ្រចិត្ត អាចរកចុះឈ្មោះបានតាមបណ្ដាការចុះផ្សាយតាមសាកលវិទ្យាល័យ បណ្ដាញទំនាក់ទំនងសង្គម និងគហទំព័រផ្លូវការរបស់ស៊ីហ្គេម គឺ Cambodia2023.com/en/volunteer-register៕ អត្ថបទ៖ ឈុនឡា


