
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញធ្វើការសិក្សា និងរកទីតាំងសម្រាប់សាងសង់អន្តេវាសិកដ្ឋានមួយកន្លែងទៀត សម្រាប់សិស្សស្នាក់នៅ ខណៈបច្ចុប្បន្នសិស្សកាន់តែច្រើនឡើងដែលបានមកពីបណ្តាខេត្តនានាមកបន្ត ការសិក្សានៅរាជធានីភ្នំពេញ។
ថ្លែងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ ចំនួន១,០៤៩នាក់ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ(CCIC) នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា នាពេលសព្វថ្ងៃនេះ មានសិស្សដែលមានជីវភាពខ្វះខាតច្រើនជាពិសេសគឺសិស្សស្រី បានមកបន្ត ការសិក្សា នៅរាជធានីភ្នំពេញ ដូច្នេះត្រូវរកកន្លែងសម្រាប់ពួកគាត់ ស្នាក់នៅឲ្យបាន សមរម្យ និងសុវត្ថិភាពបំផុត។
នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេសA នេះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសចូលរួមអបអរសាទរចំពោះសិស្សានុសិស្ស ដែលបានប្រឡងជាប់និទ្ទេស A និងនិទ្ទេសផ្សេងទៀតនៅឆ្នាំនេះដែរ ខណៈលទ្ធផលនៃការប្រឡងជាប់គឺមានរហូតដល់ ជាង៧២ភាគរយនោះ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានប្រកាសលើកទឹកចិត្តដល់សិស្សា នុសិស្ស ដែលបានប្រឡងធ្លាក់ឲ្យបន្តខិតខំសិក្សាបន្ថែមទៀតដើម្បីទទួលបានលទ្ធផលល្អ។ មួយវិញ ទៀតសម្តេច ក៏បានប្រកាសថា រាជរដ្ឋាភិបាលនឹងបើកបង្រៀននូវជំនាញដល់យុវជន យុវនារីចំនួន ១លាន៥សែននាក់ផងដែរ ដោយការបង្រៀននោះមិនត្រឹមតែមិនយកលុយទេ គឺថែមទាំងផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមទៀតផងដែរ។
សូមបញ្ជាក់ថាការប្រលងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) បានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ដោយមានបេក្ខជនប្រលងជាប់ចំនួន ៩០,៩៥០នាក់ ស្មើនឹងប្រមាណ ៧២.៣៣% នៃបេក្ខជនសរុប។ បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ១,០៤៩នាក់, និទ្ទេស B មានចំនួន ៧,២៣២នាក់, និទ្ទេស C មានចំនួន ១៩,០៥៣នាក់, និទ្ទេស D មានចំនួន ៣១,១៦៦នាក់ និងនិទ្ទេស E មានចំនួន ៣២, ៤៥០នាក់៕អត្ថបទ៖ បាន ចក់