បារាំង៖ រដ្ឋមន្ត្រីក្រសួងការងារបារាំងលោក Oliver Dussopt បាននិយាយកាលពីថ្ងៃពុធថា ការដំឡើងអាយុចូលនិវត្តន៍រហូតដល់ ៦៤ឆ្នាំគឺជារឿងមិនអាចចរចាបាន មួយថ្ងៃបន្ទាប់ពីមនុស្សជាង ១លាននាក់បានដើរក្បួនតវ៉ាប្រឆាំងវិធានការដែលបានស្នើឡើង ហើយប្រធានសហជីពបានអំពាវនាវឲ្យបន្តការធ្វើកូដកម្មបន្ថែមទៀត។

ការស្ទង់មតិបង្ហាញថា មតិភាគច្រើននៅក្នុងប្រទេសបារាំងប្រឆាំងនឹងការដំឡើងអាយុចូលនិវត្តន៍ពី ៦២ឆ្នាំដល់ ៦៤ឆ្នាំ ជាវិធានការមួយដែលលោកប្រធានាធិបតីបារាំង Emmanuel Macron បានលើកឡើងថា វាជារឿងចាំបាច់ ដើម្បីធានាឲ្យបានលទ្ធភាពជោគជ័យនៃប្រព័ន្ធសោធននិវត្តន៍។ ក្រសួងមហាផ្ទៃបាននិយាយថា មនុស្សសរុបជាង ១លាន ២សែននាក់បានចូលរួមក្បួនតវ៉ាទូទាំងប្រទេសកាលពីថ្ងៃអង្គារ កើនឡើងបន្តិចពីការធ្វើបាតុកម្មទូទាំងប្រទេសលើកដំបូងកាលពីថ្ងៃទី១៩ ខែមករា។

នគរបាលទីក្រុងប៉ារីសក៏បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកផងដែរ ដើម្បីបំបែកក្រុមបាតុករ ខណៈដែលពួកគេកំពុងដើរក្បួនពាសពេញទីក្រុងនានាទូទាំងប្រទេសបារាំង។ លោក Dussopt បានប្រាប់ទូរទស្សន៍បារាំង France 2 ថា បើយើងមិនដំឡើងឲ្យដល់អាយុ ៦៤ឆ្នាំទេនោះ ប្រព័ន្ធសោធននិវត្តន៍នឹងត្រូវប៉ះពាល់មិនខាន។ អ្វីដែលមិនអាចចរចាបានគឺបញ្ហាដែលអាចនាំឲ្យប៉ះពាល់ប្រព័ន្ធសោធននិវត្តន៍នេះឯង៕
អត្ថបទ៖ សុខមាន