ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើការអំពាវនាវដល់បងប្អូនដែល កំពុងរស់នៅក្រៅប្រទេស ហើយធ្លាប់រិះគន់ និងជេរប្រមាថថ្នាក់ដឹកនាំកម្ពុជានាពេលកន្លងមក ឱ្យចូលស្រុកវិញ ដោយពុំមានការចាប់ចង និងដាក់ទោសដូចអ្វីដែលពួកក្រុមជ្រុលនិយមមួយក្តាប់តូចធ្វើការឃោសនាអកុសលនោះឡើយ។
ថ្លែងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ ចំនួន១,០៤៩នាក់ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ(CCIC) នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា មានបងប្អូននៅក្រៅប្រទេសមួយចំនួនបានកំពុងចាញ់បោកក្រុមជ្រុលនិយម(ពួកឧទ្ទាមក្រៅច្បាប់) ដោយបានកំពុងឃោសនាអកុសល ដោយចោទប្រកាន់រាជរដ្ឋាភិបាលថានឹងធ្វើការចាប់ខ្លួន ប្រសិនបើបងប្អូនទាំងនោះហ៊ានចូលមកស្រុកខ្មែរវិញ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានប្រកាសអំពាវនាវដល់បងប្អូន ដែលកំពុងរស់នៅក្រៅប្រទេសទាំងអស់អញ្ជើញមកលេងស្រុកខ្មែរដោយផ្ទាល់ផងដែរ ខណៈស្រុកខ្មែរនាពេលពេលបច្ចុប្បន្នកំពុងមានការអភិវឌ្ឍរីកចំរើនជាបន្តបន្ទាប់ មិនដូចអ្វីដែល ក្រុមពួកជ្រុលនិយមធ្វើការ ឃោសនាបែបញុះញង់ និងឃោសនាអកុសលប្រាប់ដល់ បងប្អូន នោះឡើយ។
សម្តេច បានបញ្ជាក់បន្ថែមទៀតថា កម្ពុជាពិតខុសពីកម្ពុជាលើមាត់របស់ក្រុមប្រឆាំងជ្រុលនិយម និងពួកអគតិ ដូច្នេះសូមបងប្អូនកុំចាញ់បោកពួកក្រុមជ្រុលនិយមទាំងនោះបន្តទៅទៀត៕អត្ថបទ¶៖ បាន ចក់
