ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសនៅថ្ងៃនេះថា ពលរដ្ឋខ្មែរ ១០នាក់បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩កាលពីថ្ងៃម្សិលមិញនេះ ដែលនាំឱ្យតួលេខអ្នកស្លាប់សរុបកើនដល់ ៧១នាក់។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលនិយាយថា ស្ត្រីខ្មែរម្នាក់អាយុ ៦៣ឆ្នាំ ដែលរស់នៅក្នុងសង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ បានស្លាប់កាលពីថ្ងៃទី២២ ខែមេសា មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្រោយពីគាត់ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩។
ក្រសួងនិយាយទៀតថា បុរសខ្មែរម្នាក់ទៀតអាយុ ៧៧ឆ្នាំ ដែលរស់នៅសង្កាត់គីឡូម៉ែត្រលេខ៦ ក្នុងខណ្ឌឫស្សីកែវ បានស្លាប់កាលពីថ្ងៃទី២២ ខែមេសាផងដែរនៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តែ១ម៉ោងកន្លះប៉ុណ្ណោះ ក្រោយពីគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីរកឃើញឆ្លងមេរោគកូវីដ-១៩។
ចំណែកឯបុរសខ្មែរអាយុ ៣៤ឆ្នាំដែលរស់នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្រសួងសុខាភិបាលបញ្ជាក់ថា បានស្លាប់កាលពីថ្ងៃទី២២ ខែមេសាផងដែរ តែមួយថ្ងៃប៉ុណ្ណោះក្រោយពីគាត់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បន្ទាប់ពីរកឃើញឆ្លងមេរោគកូវីដ-១៩។
ក្រសួងសុខាភិបាលឱ្យដឹងទៀតថា បុរសខ្មែរអាយុ ៦៤ឆ្នាំ ដែលរស់នៅក្នុងសង្កាត់ផ្សារកណ្ដាល២ ក្នុងខណ្ឌដូនពេញ បានស្លាប់កាលពីថ្ងៃទី២២ ខែមេសា នៅឯមន្ទីរពេទ្យហ្លួងម៉ែ តែ ១ថ្ងៃប៉ុណ្ណោះក្រោយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីរកឃើញឆ្លងមេរោគកូវីដ-១៩។
នៅឯខេត្តស្វាយរៀងឯណោះវិញ ក្រសួងសុខាភិបាលនិយាយថា បុរសជនជាតិខ្មែរអាយុ ២៤ឆ្នាំ ដែលរស់នៅក្នុងក្រុងបាវិត បានស្លាប់កាលពីថ្ងៃទី២២ ខែមេសាផងដែរ មុនពេលត្រូវបានបញ្ជូនទៅដល់មណ្ឌលសម្រាកព្យាបាល ហើយលទ្ធផលពិនិត្យសំណាករបស់គាត់បង្ហាញថា គាត់ឆ្លងមេរោគកូវីដ-១៩។
ក្រសួងសុខាភិបាលឱ្យដឹងទៀតថា បុរសជនជាតិខ្មែរម្នាក់ទៀតអាយុ ៤២ឆ្នាំ ដែលរស់នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានស្លាប់កាលពីថ្ងៃម្សិលមិញនេះ ៧ថ្ងៃក្រោយពីគាត់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បន្ទាប់ពីរកឃើញឆ្លងមេរោគកូវីដ-១៩។
ចំណែកបុរសខ្មែរម្នាក់ទៀតអាយុ ៥៧ឆ្នាំ ដែលរស់នៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោនោះ ក្រសួងសុខាភិបាលបញ្ជាក់ថា បានស្លាប់កាលពីថ្ងៃម្សិលមិញដែរ មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយការពិនិត្យសំណាករបស់គាត់រកឃើញថា គាត់ឆ្លងមេរោគកូវីដ-១៩។
ក្រសួងសុខាភិបាលឱ្យដឹងទៀតថា ស្ត្រីខ្មែរម្នាក់ទៀតអាយុ ៦៧ឆ្នាំ ដែលរស់នៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតកាលពីថ្ងៃម្សិលមិញដែរ តែ ១ថ្ងៃប៉ុណ្ណោះក្រោយពីត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីរកឃើញឆ្លងមេរោគកូវីដ-១៩។
នៅឯមន្ទីរពេទ្យហ្លួងម៉ែឯណោះវិញ ក្រសួងបញ្ជាក់ថា ស្ត្រីខ្មែរម្នាក់ទៀតអាយុ ៧១ឆ្នាំ ដែលរស់នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានស្លាប់កាលពីថ្ងៃម្សិលមិញនេះ ៦ថ្ងៃក្រោយពីគាត់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរ បន្ទាប់ពីរកឃើញឆ្លងមេរោគកូវីដ-១៩។
នៅមន្ទីរពេទ្យហ្លួងម៉ែដដែល ក្រសួងសុខាភិបាលបញ្ជាក់ថា ស្ត្រីខ្មែរម្នាក់ទៀតអាយុ ៣២ឆ្នាំ ដែលរស់នៅក្នុងខណ្ឌមានជ័យ បានស្លាប់កាលពីថ្ងៃម្សិលមិញផងដែរ ៧ថ្ងៃក្រោយពីគាត់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីរកឃើញឆ្លងមេរោគកូវីដ-១៩។
ក្រសួងសុខាភិបាល បញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ទាំង ១០នាក់នេះ បានស្លាប់បាត់បង់ជីវិត ក្រោយពីសួតទាំងសងខាងរបស់ពួកគាត់បានរលាកធ្ងន់ធ្ងរ ដែលបង្កឡើងដោយមេរោគកូវីដ-១៩។
គិតមកដល់ថ្ងៃនេះ កម្ពុជាមានមនុស្សសរុបដល់ទៅ ៧១នាក់ហើយ បានស្លាប់ដោយសារជំងឺកូវីដ-១៩នៅទូទាំងប្រទេសក្នុងរយៈពេលត្រឹមតែ ៤៣ថ្ងៃចុងក្រោយមកនេះ៕