ភ្នំពេញ៖ លោក គង់ គាំ បានប្រកាសបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ចាប់ពីពេលនេះតទៅ ព្រមទាំងគោរពថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមិនបន្តប្ដឹងរូបលោក ពាក់ព័ន្ធរឿងដីផ្ទះលេខ៧១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមរយៈលិខិតថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ចេញផ្សាយនៅព្រឹកថ្ងៃទី០២ ខែកុម្ភៈនេះ លោក គង់ គាំ ក៏ទទួលស្គាល់កំហុស និងសូមអភ័យទោស ពីសម្ដេចតេជោ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ចំពោះទង្វើរបស់ខ្លួនកន្លងមក ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។
លោក គង់ គាំ បានប្រកាសដោយមានមោទនភាព ដែលសម្តេចបានយល់ស្រប និងគាំទ្រផងដែរនូវឧត្តមគតិ និង គោលជំហររបស់គណបក្សឆន្ទៈខ្មែរ បង្កើត និងចូលរួមការបោះឆ្នោតនៅឆ្នាំ២០១៨ ដែលក្រោយមក លោកមានឱកាសជាប្រធានកិត្តិយស គឺពិតជាមានឧត្តមគតិ(ប្រឆាំងក្រុមជ្រុលនិយមមានវប្បធម៌ថ្មី (ពិគ្រោះ និង ផ្តល់យោបល់) បន្ទាប់ពីវប្បធម៌សន្ទនាមិនទទួលបានជោគជ័យ។
លោក គង់ គាំ និងភរិយា រីករាយ និងដឹងគុណចំពោះសណ្តានចិត្ត រំឭក និងយកចិត្តទុកដាក់ សណ្ដោសដល់កូនប្រុសរបសើលោក គឺលោក គង់ បូរ៉ា ចូលជាសមាជិកគណ បក្សប្រជាជនកម្ពុជា និងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយបានផ្ដល់រថយន្តមួយគ្រឿងជា មធ្យោបាយបម្រើការងារ ក្នុងមនោសញ្ចេតនានៃគ្រួសារដ៏កៀកកិតមួយកាលពីគ្រាកម្សត់កម្រ៕


